Connect with us

ព័ត៌មាន

ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន

ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រែក្លាយកម្ពុជា តាម ចក្ខុវិស័យនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ថ្ងៃទី៧​​ ខែកក្កដា ឆ្នាំ២០២៦ នេះថា រាជរដ្ឋា- ភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជស បាននិងកំពុងបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានជំរុញអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បន្តថា ជុំវិញការអភិវឌ្ឍជនបទវិញ, ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែនេះជាដើម ដែលស្ថិតក្រោម ក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ គឺរាជរដ្ឋាភិបាលចង់ឲ្យប្រជាពលរដ្ឋនៅមូល ដ្ឋានមានផ្លូវធ្វើដំណើរល្អ និងប្រើប្រាស់យូរអង្វែង។

ទាក់ទងផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អ្នកអនុវត្តគម្រោង ចាប់តាំងពីការស្ថាបនា និងថែទាំរហូតបញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ សម្រាប់បម្រើប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់នានា។ ជុំវិញការងារស្ថាបនាផ្លូវ និងស្ពាននៅជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តបេសកម្មដោយស្វាហាប់ ក្រោមការចង្អុលបង្ហាញផ្ទាល់ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយឯកឧត្តមរដ្ឋមន្ត្រីបានយកចិត្តទុកដាក់បំផុត នៅលើការអភិវឌ្ឍផ្លូវ និងស្ពាននៅជនបទ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia