Connect with us

ព័ត៌មាន

វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការ​បង្កើត​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់

ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុង​រៀប​ចំ​គម្រោង​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​​កំណត់សម្រាប់អនាគតខាងមុខ។ វិស័យឯកជនក្នុងវិស័យដឹកជញ្ជូន បាន​លើក​ឡើង​ដោយ​គាំទ្រ និងអំពាវនាវឱ្យចូលរួមគោរពច្បាប់និងអនុវត្តឱ្យបានគ្រប់ៗគ្នា ដើម្បី​ថែ​រក្សា​ផ្លូវ​ថ្នល់​ឱ្យ​មានគុណភាព និងប្រើប្រាស់យូរអង្វែង។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី៧ខែកក្កដា​ថា គម្រោងបង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​លើ​ស​ទម្ងន់​កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ ​ពិតជាល្អណាស់ ពីព្រោះថា ក្រៅពីការទាញសេដ្ឋកិច្ច និងផលចំណេញ​អំពី​ការ​ដឹក​ជញ្ជូន​ក៏ត្រូវថែទាំផ្លូវថ្នល់ផងដែរ។

លោកបានលើកឡើងបន្តដោយគាំទ្រទៀតថា លោកក៏មិនគាំ​ទ្រ​ឱ្យ​មាន​ការ​ដឹក​លើស​ទម្ងន់​ដែរ​របស់​ក្រុម​ហ៊ុនដឹកជញ្ជូននានា គ្រាដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងយកចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ប្រកបដោយគុណភាព និ​ង​ដើម្បី​ប្រើ​ប្រាស់​ជា​គុណប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋានជាដើម។

ក្នុងកម្មវិធីម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុង/ខេត្តកំពង់ចាម ក្រោមអធិបតីភាពេដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបាននឹងកំពុងរៀបចគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មមានប្រសិទ្ធភាព និងមានភាពវៃឆ្លាត តាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណេត ប្រព័ន្ធកាមេរ៉ា CCTV ប្រព័ន្ធកាមេរ៉ា AI និងការលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្នទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តិថ្លឹងក្នុងល្បឿនយឺត (Slow Speed Weigh In Motion) ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សាការពារសមិទ្ធផលជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស ក្នុងនាមទទួលបន្ទុកអនុវត្តក្រសួង បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាមស្ថានីយជញ្ជីងអចល័ត និងការជំរុញយន្តការក្រុមចល័ត និងក្រុមពិសេសធ្វើការចុះធ្មក់នៅតាមគោលដៅនៅទូទាំងប្រទេស ដើម្បីធានាកាត់បន្ថយឱ្យបានជាអតិបរមានូវសកម្មផាពដឹកជញ្ជូនល្មើស​នឹងច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia