ព័ត៌មាន
ស្ត្រីអាស៊ាន និងឥណ្ឌា តម្រង់ទិសភាពជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ និងនវានុវត្តន៍សម្រាប់តំបន់
អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងនវានុវត្តន៍ករស្ត្រីមកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសជាសមាជិកអាស៊ាន កំពុងតម្រង់ទិស និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការដោះស្រាយឧបសគ្គសំខាន់ៗ នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើង នៅក្នុងពិធីបើក “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌាលើកទី២” នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងផ្លាស់ប្តូរពិភពលោកយ៉ាងឆាប់រហ័ស ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យនេះជាសសរស្តម្ភគន្លឹះ នៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច ផ្អែកលើចំណេះ ដឹង ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ ដែល រួមមាន គោលដៅសម្រេចឱ្យបាននិស្សិតដែលបញ្ចប់ការសិក្សាផ្នែក STEM ជាស្ត្រីយ៉ាងហោចណាស់ ៥០%។
ឯកឧត្តម Souksavath Sihapanya អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្វេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASEAN COSTI) បានសង្កត់ធ្ងន់ថា សន្និសីទនេះ គាំទ្រដល់ការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣០ ដោយ លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រព័ន្ធនវានុវត្តន៍តំបន់។ ឯកឧត្តមបន្តថា តាមរយៈសន្និសីទនេះដែរ ក៏ជាការផ្តល់ឱកាសពិសេស សម្រាប់បង្កើនសំឡេងរបស់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករស្ត្រី។
ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា នៅក្នុងក្រប ខណ្ឌអាស៊ានគឺមានសកម្មភាពជាច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួនត្រូវបានអនុវត្តជាមួយដៃគូសន្ទនា ជាក់ស្តែងអាស៊ាន-ឥណ្ឌា គឺ ជាដៃគូជិតស្និទ្ធ ដោយបានផ្តល់មូលនិធិមួយចំនួន ដូចជាការរៀបចំសន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌានេះជាដើម ដែលជាការ ឆ្លើយតបទៅនិងបរិបទកម្ពុជា ក៏ដូចពិភពលោកផងដែរ ដោយគាំទ្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការលើកកម្ពស់ភាព ជាអ្នកដឹកនាំរបស់ស្ត្រី។
ឯកឧត្តមសាស្ត្រាចារ្យ Umesh Waghmare លេខាធិការនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋឥណ្ឌា បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងឥណ្ឌានិងអាស៊ាន មានប្រវត្តិដ៏យូរអង្វែង និងបាន គូសរំលេចពីសារសំខាន់នៃការកសាងប្រព័ន្ធនវានុវត្តន៍ ប្រកបដោយបរិយាបន្នសម្រាប់តំបន់ ក្នុងនោះអ្នកវិទ្យាសាស្ត្រ នវានុវត្តន៍ករ និងសហគ្រិនស្ត្រី កំពុងរួមចំណែកយ៉ាសំខាន់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
សូមបញ្ជាក់ថា សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌាលើកទី២ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែកក្កដា ដោយ ក្នុងនោះមានកម្មវិធីអមជាច្រើន ដូចជាកិច្ចពិភាក្សាតុមូលពហុភាគីចំនួន១០ និងកម្មវិធីប្រកួតប្រជែងគំនិតនវានុវត្តន៍ ដែលអ្នកស្រាវជ្រាវ ជាស្ត្រី នឹងធ្វើបទបង្ហាញអំពីដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពួកគេ។ ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងរួមចំណែក ពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវ ទៅជាផលិតផលដែលអាចធ្វើពាណិជ្ជកម្មបាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាង សាកលវិទ្យាល័យ វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម៕អត្ថបទ៖ សុន រ៉ាឌី










-
កីឡា6 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា6 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ