Connect with us

ព័ត៌មាន

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុម AOT ប្រចាំការនៅខេត្តបន្ទាយមានជ័យ

នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) ដែលប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៦នេះ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃទៅដល់ខេត្តបន្ទាយមានជ័យផងដែរ។

សូមបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១១ ខែកក្កដា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ វត្តមានរបស់លោកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ម៉ាឡេស៊ី ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសជាសមាជិកអាស៊ាន។ ការចុះពិនិត្យផ្ទាល់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា និងការទូត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមចំណែករកដំណោះស្រាយដោយសន្តិវិធី។

ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយដែលបញ្ជាក់ ពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

វត្តមានរបស់អគ្គមេបញ្ជាការម៉ាឡេស៊ីនៅតំបន់ជម្លោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់សន្តិសុខរួមក្នុងតំបន់៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia