Connect with us

ព័ត៌មាន

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១,៩០០អង្គ/នាក់។

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរំលឹកឡើងវិញអំពីបេសកកម្មចម្បងរបស់សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ ទី១-រៀបចំផែនការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ និងផ្តល់ការបណ្តុះបណ្តាលដំបូងដល់មន្ត្រី ដែលទើបត្រូវបានជ្រើសរើសថ្មី ដើម្បីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ, ទី២-រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត និងកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងវិស័យសាធារណៈ និង ទី៣-សិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងវិស័យសាធារណៈ។

បន្ថែមលើបេសកកម្មចម្បងដែលត្រូវបំពេញ សាលា​ភូមិន្ទ​រដ្ឋបាល​តែង​បាន​ផ្តោត​សំខាន់​លើ​ការអនុវត្តនិងផ្សព្វ​ផ្សាយ​ការងារ​សង្គម ដោយ​​បាន​ជំរុញការលើក​ទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ និង​មន្ត្រីនៃសាលា​ភូមិន្ទ​រដ្ឋបាល រួម​ជាមួយ​​កម្មសិក្សា​ការី សិក្ខាកាម និង​សិស្ស​មន្ត្រី ​ឱ្យចូល​រួម​​ក្នុង​ការងារ​សង្គម និង​ការ​ផ្សព្វផ្សាយ​នានា។ ជា​លទ្ធផល​ សកម្ម​ភាព​សង្គម​របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ ត្រូវបានអនុវត្តជាបន្តបន្ទាប់រៀងរាល់ឆ្នាំ និងបានចូលរួមក្នុង​វិស័យ​អប់រំ សុខាភិបាល បរិស្ថាន សាសនា វប្បធម៌ សង្គម​កិច្ច ទេសចរណ៍ មនុស្សធម៌ជាដើម។

ទន្ទឹមនេះ ឯកឧត្តមនាយកសាលា បានលើកឡើងថា ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាល នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាលឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមនុស្ស ឈរលើបាវចនា៖ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។

បន្ថែមពីនេះ ឯកឧត្តមនាយកសាលា បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានកំណត់ចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមុតមាំ តាមរយៈផែនការយុទ្ធសាស្ត្រ (២០២៦-២០៣០) ដើម្បីអភិវឌ្ឍខ្លួនជាស្ថាប័នឈានមុខលើគុណភាព និងនវានុវត្តន៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១)ការអភិវឌ្ឍ និងការលើកកម្ពស់សមិទ្ធកម្មនៃកម្មវិធីបណ្តុះបណ្តាល, (២)ការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ, (៣)ការជំរុញការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ, (៤)ការជំរុញការរៀបចំវេទិកាចែករំលែកចំណេះដឹង និងការអនុវត្តសកម្មភាពសង្គម និង (៥)ការលើកកម្ពស់សមត្ថភាពឌីជីថលគាំទ្រការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia