Connect with us

ព័ត៌មាន

មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសជប៉ុនខិតខំក្រេបជញ្ជក់ចំណេះដឹង និងត្រឡប់មកជួយកម្ពុជាវិញ

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤ រូប សម្រាប់ឆ្នាំសិក្សា២០២៦។

និស្សិតជ័យលាភីទាំងនេះ នឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខនានារបស់ប្រទេសជប៉ុន លើមុខជំនាញរួមមាន៖ ទំនាក់ទំនងអន្តរជាតិ រដ្ឋបាលសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍវិស័យឯកជន សេដ្ឋកិច្ច ការតភ្ជាប់ កសិកម្ម និងការអបរំ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ខិតខំក្រេបជញ្ជក់ចំណេះដឹង និងត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីយកចំណេះដឹងមកបម្រើជាតិមាតុភូមិ។

ឯកឧត្តម ក៏បានជំរុញឱ្យនិស្សិតជ័យលាភីដើរតួនាទីជាឯកអគ្គរាជទូតសុឆន្ទៈ ដើម្បីលើកកម្ពស់វប្បធម៌ គុណតម្លៃ និងរូបភាពវិជ្ជមានរបស់កម្ពុជា ព្រមទាំងពង្រឹងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន តាមរយៈការលើកកម្ពស់ការប្រាស័្រយទាក់ទងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរនិស្សិតជ័យលាភីទាំងអស់ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនប្រកប ដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia