ព័ត៌មាន
អតីតយុទ្ធជន និងនិវត្តជន ៩៤គ្រួសារនៅខេត្តស្ទឹងត្រែងទទួលបានអំណោយផ្ទះថ្មីពីសម្តេចតេជោ ហ៊ុន សែន
សូមអបអរសាទរ អតីតយុទ្ធជន និងនិវត្តជន ចំនួន ៩៤គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានាជុំវិញខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងខេត្តស្ទឹងត្រែង គ្មានដី គ្មានផ្ទះ ចំនួន ៩៤ គ្រួសារ ដែលទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន ក្នុងការជួយសាងសង់ផ្ទះជូន ក្នុងឱកាសរដែលសម្ដេចអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងខេត្តស្ទឹងត្រែង។
អំណោយក្នុងការសាងសង់ផ្ទះនេះ គឺជាថវិកាឧបត្ថម្ភរបស់សប្បុរសជនដែលផ្ដល់ជូនសម្ដេចតេជោ ប្រធានសមាគម ក្នុងឱកាសដែលសម្ដេចបានប្រកាសចលនារ៉ៃអង្គាសថវិកាដើម្បីជួយគាំទ្រការសាងសង់ផ្ទះ ក្នុងនោះរួមមាន៖ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ អ្នកឧកញ៉ា ទៀង ផល្លា ប្រកាសឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង និងឯកឧត្តម អ្នកឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវ អ្នកឧកញ៉ា តាំង ហ្គិចលៀង ចូលរួមឧបត្ថម្ភថវិកាសាងសង់ ៤៤ ខ្នងផ្ទះ។
ជុំវិញស្ថានភាពនៃការគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តស្ទឹងត្រែង បើយោងតាមរបាយការណ៍ពី អ.ន.ក. ខេត្ត គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ខេត្តស្ទឹងត្រែង មានអតីតយុទ្ធជននិងនិវត្តជន សរុប ១៩៤៣ នាក់។ ចំណែកអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាតមានចំនួន ១៥៤ គ្រួសារ ក្នុងនោះមានគ្រួសារដែលគ្មានដី គ្មានផ្ទះចំនួន ៩៤ គ្រួសារ។ កន្លងមក ចំពោះការងារសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជន ដែលជាសមាជិក អ.ន.ក.ខេត្ត ចាប់ពីឆ្នាំ២០១៦ ដល់ ២០២៦ បានសរុប ៥០ខ្នងផ្ទះ ស្ថិតនៅលើដីសម្បទានសង្គមកិច្ច ទំហំប្រមាណ ១,៩១៥.៥០ហិតា ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
នៅក្នុងពិធីសំណេះសំណាលនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បន្តផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៅមូដ្ឋានខេត្តស្ទឹងត្រែងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារ ចំពោះអតីតយុទ្ធជន និងនិវត្តជន ណាដែលមានជីវភាពខ្វះខាត ព្រមទាំងឧស្សាហ៍ចុះសួរសុខទុក្ខផ្ដល់ភាពក្ដៅដល់ពួកគាត់ដែលចូលនិវត្ត។ សម្ដេចបានបញ្ជាក់ថា «ការឧបត្ថម្ភថវិកា ឬសម្ភារៈ គឺជារឿងសំខាន់មួយហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ ស្មារតីនៃការគោរព និងដឹងគុណ រវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ដោយយើងមិនត្រូវភ្លេចពួកគាត់ឡើយ ព្រោះពួកគាត់ជាអ្នកត្រួសត្រាយផ្លូវឱ្យយើងដើរនាពេលបច្ចុប្បន្ន» ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានណែនាំដល់មន្រ្តីមូលដ្ឋានក្នុង ខេត្តស្ទឹងត្រែង ទាំងអស់ត្រូវចូលរួមបញ្ជ្រាបយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលត្រូវធ្វើឡើងដោយមធ្យោបាយសន្តិវិធី និងមិនប្រើយន្តការដោះស្រាយដោយប្រើប្រាស់មធ្យោបាយយោធាឡើយ។
ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងប្រជាជននៅខាងក្រោយត្រូងធ្វើជាខ្នងបង្អែកសម្រាប់យុទ្ធជននៅសមរភូមិមុខ និងជាពិសេសត្រូវបង្កើតការយកចិត្តទុកដាក់ គិតគូរ ចំពោះគ្រួសារយុទ្ធជនដែលជាប់ភារកិច្ចនៅព្រំដេន និងយុទ្ធជនពលី ពិការ ដោយត្រូវពិនិត្យមើលពីជីវភាព រស់នៅ ប្រចាំថ្ងៃ ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ផ្តល់កម្លាំងចិត្ត ជួយដោះស្រាយបញ្ហាប្រឈមនានាឱ្យទាន់ពេលវេលា។ ជាពិសេសត្រូវជួយផ្ដល់ការអប់រំដល់កូនចៅយុទ្ធជនទាំងអស់ឱ្យទទួលបានការសិក្សាសមរម្យ និងជំរុញឱ្យក្លាយជាបញ្ញវន្តសម្រាប់សង្គមជាតិ។





អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ក្នុងខេត្តស្ទឹងត្រែងទទួលបានប័ណ្ណ ប.ស.ស. មានចំនួន ១,១២៧ នាក់ និងប័ណ្ណសមធម៌មានចំនួន ៧០គ្រួសារ។ ការជ្រើសរើស កូនចៅ និងបងប្អូនបង្កើតឱ្យចូលបម្រើក្នុងជួយកងទ័ពមានចំនួន ៣៧ នាក់។ ចំពោះការផ្តល់ថវិកាបេឡាមរណសង្គ្រោះជូនសមាជិក អ.ន.ក. ក្នុងឆមាសទី១ ឆ្នាំ ២០២៦ មានសរុប ២០នាក់ ចំនួន ៨០,០០០,000 រៀល ក្នុងនោះថវិកាបំពេញបន្ថែមរបស់សម្តេចតេជោ ៤០,000,000 រៀល ព្រមទាំងបានសហការជាមួយមូលនិធិជាតិ ជំនួយសង្គម (ម.ជ.ជ.) ក្នុងការបើកប្រាក់ធានរ៉ាប់រង, ប្រាក់ឧបត្ថម្ភ១លើកដំបូង និងប្រាក់បូជាសពបានចំនួន ១៩នាក់៕
-
កីឡា6 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា6 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ