ព័ត៌មាន
សម្ដេចតេជោ ចែករំលែកអត្ថបទអ្នកជំនាញរបស់ប្រទេសថៃមានចំណងជើងថា «រឿងចាស់ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» បានលើកឡើងអំពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា មានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ហើយនៅក្នុងការសំណេររបស់លោកបានលើកឡើងអំពី សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២។

សម្ដេចតេជោ បានចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖
«រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដោយលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃបង្ហោះផ្សាយលើគណនី Facebook: Matichon Weekly มติชนสุดสัปดาห์: ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ បានចែងថា៖ «នៅពេលដែលប្រទេសពីរបានកំណត់ព្រំដែនរវាងគ្នាទៅវិញទៅមក គោលបំណងដ៏សំខាន់បំផុតមួយ គឺដើម្បីសម្រេចបាននូវសន្តិសុខ ភាពប្រាកដប្រជា និងភាពច្បាស់លាស់»។ គោលបំណងនេះមិនអាចសម្រេចទៅបានឡើយ ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើងនោះ នៅតែអាចត្រូវបានគេជជែកវែកញែក ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា។
នៅក្នុងចំណោមស្ថានភាពនៃជម្លោះរវាងថៃ និងកម្ពុជានោះ យើងស្ទើរតែភ្លេចទៅហើយថា មានចំណុចគួរឱ្យចាប់អារម្មណ៍មួយ ចេញពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ១៩៦២នេះ។ ជាក់ស្តែងចំណុចនេះជារឿងដែលមេដឹកនាំថៃគួរតែទទួលដឹងឮផងដែរ ព្រោះសាលក្រមដែលតុលាការអន្តរជាតិបានបង្កើតឡើងនោះ មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងបញ្ហាដែលកំពុងកើតឡើង នៅក្នុងតំបន់ព្រំដែនថៃ-កម្ពុជា ក្នុងស្ថានភាពបច្ចុប្បន្ន។
ផ្អែកលើបរិបទប្រវត្តិសាស្ត្រ វាត្រូវបានគេដឹងយ៉ាងច្បាស់ថា «ជម្លោះព្រំដែនរវាងថៃ និងកម្ពុជា» មានចំណុចស្នូលសំខាន់បំផុត គឺទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារ។ពោលគឺ ថៃនិងកម្ពុជាធ្លាប់មានរឿងក្តីប្តឹងផ្តល់គ្នាអំពីប្រាសាទនេះ នៅចំពោះមុខតុលាការអន្តរជាតិចំនួន២ដង រួចមកហើយ គឺលើកទី១ នៅក្នុងឆ្នាំ១៩៦២ និងបានកើតឡើងសារជាថ្មីម្តងទៀតលើកទី២ នៅក្នុងឆ្នាំ២០១៣។
ផ្អែកលើមេរៀនប្រវត្តិសាស្ត្រទាំងនេះ ប្រទេសថៃត្រូវតែប្រុងប្រយ័ត្ន និងជៀសវាងដាច់ខាតនូវការបង្កើតលក្ខខណ្ឌ ដែលបង្ខំឱ្យមានការវិលត្រឡប់ទៅរកតុលាការអន្តរជាតិ ជាលើកទី៣។ ដូចដែលបានដឹងយ៉ាងច្បាស់ហើយថា រដ្ឋាភិបាលថៃបានយល់ព្រមទទួលយកនូវលទ្ធផលនៃសេចក្តីសម្រេចខាងលើ ទាំងពីរករណីរួចរាល់ហើយ។
លទ្ធផលគតិយុត្តនេះមានអត្ថន័យយ៉ាងសំខាន់ ក្នុងការកំណត់លក្ខខណ្ឌនយោបាយជុំវិញការគ្រប់គ្រងតំបន់ដែលមានបញ្ហាវិវាទ។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទនេះចង់សង្កត់ធ្ងន់ទៅលើចំណុចសំខាន់ដែលជាលទ្ធផលនៃសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលនាំទៅរកសំណួរថា «តើតុលាការអន្តរជាតិក្នុងឆ្នាំនោះ មានទស្សនៈយ៉ាងណាចំពោះការចាត់ចែងបញ្ហាវិវាទរឿងខ្សែបន្ទាត់ព្រំដែន?»
ម៉្យាងវិញទៀត តើផលវិបាកដែលជាអត្ថន័យនៃការខណ្ឌសីមាព្រំដែនក្នុងអតីតកាល មានឥទ្ធិពលលើការដោះស្រាយបញ្ហាវិវាទរឿង ខ្សែបន្ទាត់ព្រំដែនក្នុងពេលបច្ចុប្បន្នយ៉ាងដូចម្តេច?
មូលហេតុដែលសេចក្តីសម្រេចឆ្នាំ១៩៦២នេះ ត្រូវបានលើកឡើងមកធ្វើជាឧទាហរណ៍ព្រមាននោះ គឺដោយសារតែជាទូទៅនៅក្នុងសង្គមថៃ ស្ទើរតែគ្មាននរណាម្នាក់ត្រឡប់ទៅអានខ្លឹមសារនៃសេចក្តីសម្រេចខាងលើនោះទៀតឡើយ។ នេះប្រហែលជាដោយសាររាប់ចាប់ពីសេចក្តីសម្រេចក្នុងអតីតកាលនាពេលនោះ រហូតមកដល់បច្ចុប្បន្ន សំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ មានអាយុកាលវែងរហូតដល់ទៅ៦៤ឆ្នាំហើយ ដែលយើងត្រូវទទួលស្គាល់ថាវាពិតជាយូរណាស់។
កត្តាពេលវេលាបែបនេះ បានធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាអតីតកាល ដែលនៅឆ្ងាយពីការយល់ដឹងរបស់មនុស្សក្នុងយុគសម័យបច្ចុប្បន្នយ៉ាងខ្លាំង។យើងអាចពោលប្រៀបធៀបបានថា សម្រាប់អ្នកនយោបាយទាំងជំនាន់កណ្តាល និងជំនាន់ថ្មី វិវាទរឿងប្រាសាទព្រះវិហារ គឺជារឿងចាស់ និងហួសសម័យ រហូតដល់មិនសូវមានការដឹងឮ ឬមិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មានឡើយ។
ប៉ុន្តែទោះជាយ៉ាងណាដោយសារតែបញ្ហាជម្លោះក្នុងពេលបច្ចុប្បន្ន បើមានការបដិសេធមិនអានទាល់តែសោះ ហើយមិនបានទទួលដឹងឮពីរឿងរ៉ាវនៃសេចក្តីសម្រេច របស់តុលាការលោកឆ្នាំ១៩៦២នោះ មុខជានឹងមិនផ្តល់ផលល្អដល់ការយល់ដឹងឡើយ។
មូលហេតុគឺព្រោះតែសេចក្តីសម្រេចនោះ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា សន្ធិសញ្ញា និងផែនទីខណ្ឌសីមាដែលភ្ជាប់មកជាមួយ គឺជាកត្តាកាត់សេចក្តីលើខ្សែបន្ទាត់ព្រំដែនរបស់សៀម/ថៃ ជាមួយរដ្ឋជិតខាង ដែលមានឋានៈជា «រដ្ឋអ្នកបន្តសិទ្ធិ» ពីម្ចាស់អាណានិគម។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីនេះសេចក្តីសម្រេចរួមក្នុងឆ្នាំ១៩៦២ មានអត្ថបទខ្លឹមសារដែលសំខាន់បំផុត សម្រាប់ការពិចារណាលើបញ្ហាវិវាទរឿង ខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជានាពេលបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានអត្ថន័យ និងជះឥទ្ធិពលទៅលើជម្លោះព្រំដែនរបស់រដ្ឋដទៃទៀត ដែលអាចនឹងកើតមានឡើងក្នុងពេលអនាគតផងដែរ។
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ បានចែងថា៖ «ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ឡើង អាចត្រូវបានគេជំទាស់ ឬទាមទារឱ្យមានការកែប្រែបានគ្រប់ពេលវេលា ដោយគ្រាន់តែយោងលើការរកឃើញភាពមិនត្រឹមត្រូវនៃខ្លឹមសារក្នុងសន្ធិសញ្ញាដើមនោះ ដំណើរការតវ៉ាបែបនេះច្បាស់ជានឹងកើតឡើងជាបន្តបន្ទាប់ដោយគ្មានទីបញ្ចប់ឡើយ»។ ដរាបណានៅតែអាចស្វែងរកកំហុសឆ្គងឃើញ នោះការព្រមព្រៀងក៏មិនអាចសម្រេចជាស្ថាពរបានផងដែរ។
កត្តានេះក្រៅពីធ្វើឱ្យខ្សែបន្ទាត់ព្រំដែនខ្វះភាពពិតប្រាកដ និងខ្វះភាពរឹងមាំយូរអង្វែង វាថែមទាំងបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ តាមរយៈខ្លឹមសារនេះ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិមិនចង់ឃើញជម្លោះព្រំដែន អូសបន្លាយពេលដោយគ្មានទីបញ្ចប់នោះទេ។
ហេតុនេះ ទោះបីជាមេដឹកនាំរដ្ឋក្នុងពេលបច្ចុប្បន្នជឿថា ឯកសារដើមមានចំណុចខ្វះខាតក៏ដោយ ក៏មិនអាចយកមកធ្វើជាលេសដើម្បីរុះរើឡើងវិញបានដែរ ដរាបណាឯកសារទាំងនោះធ្លាប់ត្រូវបានតំណាងនៃរដ្ឋទាំងពីរ យល់ព្រមផ្តល់សច្ចាប័នរួមគ្នាកាលពីអតីតកាលរួចទៅហើយ។
ម្យ៉ាងវិញទៀត ប្រសិនបើតុលាការអន្តរជាតិអនុញ្ញាតឱ្យធ្វើបែបនោះមែន វានឹងនាំឱ្យមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនទៅវិញទៅមកមិនចេះចប់ និងបង្កជាវិវាទដណ្តើមទឹកដីគ្នានៅតំបន់ព្រំដែនឥតឈប់ឈរ។ វិបត្តិនេះនឹងរុញច្រានឱ្យវិវាទរឿងខ្សែបន្ទាត់ព្រំដែន ក្លាយជាដើមហេតុនៃសង្រ្គាមរវាងរដ្ឋជិតខាង ដែលមិនអាចជៀសរួច។
ករណីនេះបានបង្ហាញយ៉ាងច្បាស់ថា «គោលបំណងនៃសេចក្តីសម្រេចរបស់តុលាការ គឺចង់ការពារតំបន់ព្រំដែនមិនឱ្យធ្លាក់ក្នុងស្ថានភាពសង្រ្គាម ឬមិនចង់ឱ្យខ្សែបន្ទាត់ព្រំដែនក្លាយជាលក្ខខណ្ឌបង្កើតជម្លោះរហូតរាលដាលទៅជាសង្រ្គាមមិនចេះចប់ ដូចជាបញ្ហាកំពុងកើតឡើងនាពេលបច្ចុប្បន្ននោះឡើយ»។
ហេតុដូច្នេះហើយ ទើបតុលាការអន្តរជាតិបានពន្យល់បន្ថែមយ៉ាងច្បាស់ថា ការធ្វើកិច្ចព្រមព្រៀងស្តីពីខ្សែបន្ទាត់ព្រំដែន គឺមានគោលបំណង «កាត់បន្ថយ និងលុបបំបាត់រាល់ស្ថានភាពតានតឹងទាំងឡាយ ព្រមទាំងដើម្បីសម្រេចឱ្យបាននូវស្ថិរភាពដែនដី ដោយផ្អែកលើភាពប្រាកដប្រជា និងភាពច្បាស់លាស់»។
លទ្ធផលនៃសេចក្តីសម្រេចបែបនេះ អាចសន្និដ្ឋានបានថា «ការធ្វើកិច្ចព្រមព្រៀងរឿងខ្សែបន្ទាត់ព្រំដែនដែលបានបញ្ចប់ទៅហើយ តាមរយៈការផ្តល់សច្ចាប័នក្នុងសន្ធិសញ្ញា និងផែនទីខណ្ឌសីមានោះ មានគោលបំណងយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ជម្លោះរវាងរដ្ឋ»។ វាដាច់ខាតមិនមែនជាដំណើរការបង្កើតជម្លោះ ដើម្បីបន្សល់ទុកជាមរតកដ៏ជូរចត់សម្រាប់មនុស្សជំនាន់ក្រោយក្នុងពេលអនាគតនោះឡើយ។
ផ្ទុយទៅវិញ សេចក្តីសម្រេចនេះគឺជាការបញ្ជាក់របស់តុលាការអន្តរជាតិ ដែលចង់រក្សា «ស្ថានភាពដើម» នៃខ្សែបន្ទាត់ព្រំដែន (Status Quo)។
ហេតុផលគឺដោយសារតែស្ថានភាពបែបនេះ ត្រូវបានកំណត់ឡើងរួមគ្នាដោយផ្អែកលើសន្ធិសញ្ញា និងផែនទីខណ្ឌសីមា ដែលរដ្ឋទាំងពីរបានអនុវត្ត រហូតសម្រេចបានលទ្ធផលជាផ្លូវការក្នុងការបង្កើតឱ្យមានខ្សែបន្ទាត់ព្រំដែននៃរដ្ឋសម័យទំនើប។ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយ យើងត្រូវទទួលស្គាល់តាមតថភាពជាក់ស្តែងថា ការបង្កើតព្រំដែនបែបនេះបានធ្វើឱ្យកើតមាន «ភាពប្រាកដប្រជា» នៃខ្សែបន្ទាត់ព្រំដែន។
ភាពច្បាស់លាស់នេះមានកម្រិតខ្ពស់ រហូតដល់ថ្នាក់បន្ទាប់ពីការខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់ជាស្ថាពរ រដ្ឋាភិបាលសៀមបានស្នើឱ្យភាគីបារាំងបោះពុម្ពផែនទីខាងលើផងដែរ។ បន្ទាប់មក រដ្ឋាភិបាលបារាំងក៏បានចាត់បញ្ជូនផែនទីនោះ ទៅឱ្យស្ថានទូតសៀមប្រចាំក្រុងប៉ារីស ក្នុងខែសីហា ឆ្នាំ1908 ដើម្បីបញ្ជូនបន្តមកឱ្យរដ្ឋាភិបាលក្រុងបាងកកជាបន្តបន្ទាប់។
ពិតណាស់ ពេលវេលាដែលកន្លងផុតទៅ អាចបង្កឱ្យមាន «ភាពមិនច្បាស់លាស់» មួយចំនួនដោយសារកត្តាផ្សេងៗ ជាពិសេសការប្រែប្រួលនៃភូមិសាស្ត្រធម្មជាតិ ដែលជះឥទ្ធិពលដល់ខ្សែបន្ទាត់ បែងចែកផ្លូវទឹក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីថៃច្បាស់ជាជ្រាបហើយថា «ភាពមិនច្បាស់លាស់ទាំងនេះ គឺត្រូវពឹងផ្អែកលើយន្តការចរចាខាងបច្ចេកទេស តាមរយៈវេទិកាប្រជុំគណៈកម្មការព្រំដែនរួម (JBC) ដើម្បីដោះស្រាយ និងបង្កើតឱ្យមានភាពច្បាស់លាស់ឡើងវិញ»។
ផលដែលទទួលបានក្នុងផ្លូវភូមិសាស្ត្រនយោបាយពីយន្តការនេះ គឺការនាំមកនូវ «ភាពប្រាកដប្រជា» នៃខ្សែបន្ទាត់ព្រំដែន ដូចដែលតុលាការអន្តរជាតិបានលើកឡើង ជាចំណុចពិចារណាកាលពីឆ្នាំ១៩៦២។ លទ្ធផលនៃសេចក្តីសម្រេចនេះ បានប្រាប់យើងក្នុងន័យម្យ៉ាងទៀតថា «សន្ធិសញ្ញា និងផែនទីភ្ជាប់មកជាមួយ» គឺជាកត្តាសំខាន់បំផុតដែលនឹងត្រូវយកមកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាវិវាទ។
ហេតុនេះ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ខ្សែបន្ទាត់ព្រំដែនក៏នឹងត្រូវស្ថិតនៅក្នុងគន្លងដដែល ដូចដែលបានបង្ហាញនៅក្នុងផែនទីខណ្ឌសីមាព្រំដែន និងធ្លាប់បានអនុវត្តរួចមកហើយក្នុងអតីតកាល។ ប្រសិនបើមានបញ្ហាឬវិវាទកើតឡើង រដ្ឋក៏អាចយកសន្ធិសញ្ញា និងផែនទីខណ្ឌសីមាដែលទទួលបានការផ្តល់សច្ចាប័ន មកធ្វើជាឯកសារយោងក្នុងការអនុវត្តការងារក្នុងរឿងនេះ ដោយមិនចាំបាច់គិតថាផែនទីនេះមានខ្នាតមាត្រដ្ឋានប៉ុន្មាននោះឡើយ។
ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើរដ្ឋសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាមកធ្វើជាឧបករណ៍ក្នុងការដោះស្រាយវិវាទ ទោះបីជាអាចដណ្តើមបានដែនដី ដែលមានបញ្ហាមកគ្រងគ្រង ជាបណ្តោះអាសន្នក៏ដោយ ប៉ុន្តែចុងក្រោយវានឹងត្រូវនាំទៅរកការកំណត់ព្រំដែនតាមផ្លូវច្បាប់ដែលច្បាស់លាស់ដដែល។
បញ្ហាបែបនេះ អាចមិនខុសពីបញ្ហាវិវាទរឿងខ្សែរបងផ្ទះរបស់បុគ្គលម្នាក់ៗនៅក្នុងរដ្ឋ ដែលវិវាទខាងលើនោះច្បាស់ជាត្រូវបញ្ចប់ទៅដោយការធ្វើ «ការវាស់វែងដីធ្លី» ដោយគ្មានផ្ទះនរណាម្នាក់មានដីធ្លីលើសហួសពីដែនកំណត់នៃការវាស់វែងនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងត្រូវទទួលស្គាល់ថា គំនិត «ជាតិនិយម» របស់រដ្ឋនីមួយៗ អាចនឹងមិនស៊ីសង្វាក់គ្នាជាមួយគោលការណ៍ «អន្តរជាតិនិយម» នោះទេ។
ពោលគឺ តាមគោលការណ៍អន្តរជាតិនិយមដែលគ្រប់ប្រទេស រួមទាំងប្រទេសថៃ ត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនោះ សហគមន៍អន្តរជាតិនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំង ទៅលើការដែលរដ្ឋត្រូវតែមិនប្រើប្រាស់កម្លាំងយោធា ក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដើម។
ម្យ៉ាងទៀតច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យរដ្ឋមានសិទ្ធិក្នុងការកែសម្រួល ឬផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនរវាងប្រទេសដោយការប្រើប្រាស់កម្លាំងឡើយ។
ដូច្នេះគោលការណ៍នេះទើបមានអត្ថន័យថា «ទោះបីជាកើតមានការប្តូរគន្លងខ្សែបន្ទាត់ព្រំដែន ដោយហេតុផលឬកត្តាណាមួយក៏ដោយ ប៉ុន្តែនៅពេលដែលត្រូវមាន ការចរចាដើម្បីបញ្ចប់ជម្លោះ រដ្ឋក៏ត្រូវតែដកថយត្រឡប់ទៅរកខ្សែបន្ទាត់ព្រំដែនដើម ដូចដែលបានបង្ហាញនៅក្នុងផែនទីខណ្ឌសីមាព្រំដែន»។
ក្នុងករណីដែលរដ្ឋគូភាគីវិវាទមិនអាចឈានទៅរកការព្រមព្រៀងគ្នាបាន ពួកគេនឹងត្រូវបង្ខំឱ្យត្រឡប់ទៅរកស្ថានភាពដើមនៃខ្សែបន្ទាត់ព្រំដែន (Status Quo) ដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។ នៅពេលដែលយន្តការចរចាទ្វេភាគីត្រូវបរាជ័យ ផ្លូវច្បាប់តែមួយគត់ដែលនៅសល់គឺការស្វែងរកយុត្តិធម៌ និងការកាត់សេចក្តីពីតុលាការ។
យើងអាចនឹងយល់ឃើញ ឬគិតបែបងាយៗថា ប្រទេសថៃមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ហើយថៃមិនចាំបាច់ចូលរួមក្នុងនីតិវិធីតុលាការឡើយ។
ឬមួយក៏អាចមានការលើកឡើងបែបជ្រុលនិយមថា «ប្រទេសថៃមិនចាំបាច់គោរពសាលក្រម និងច្បាប់ទម្លាប់អន្តរជាតិណាមួយឡើយ»។
ប៉ុន្តែក្នុងតថភាពជាក់ស្តែង យើងត្រូវពិចារណាលើទិដ្ឋភាពច្បាប់មួយ ដែលទោះបីជាមិនស្របតាមបំណង ឬមិនត្រូវចិត្តយើងក៏ដោយ ប៉ុន្តែវាជាការពិតក្នុងប្រវត្តិសាស្ត្រ ដែលថា «ប្រទេសថៃធ្លាប់បានចូលរួមដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជានៅចំពោះមុខតុលាការអន្តរជាតិរួចរាល់ហើយរហូតដល់ទៅ២លើក»។ ហេតុដូច្នេះហើយ រដ្ឋាភិបាលថៃត្រូវតែមានការប្រុងប្រយ័ត្ន និងម៉ត់ចត់ជាទីបំផុត ក្នុងការទប់ស្កាត់មិនឱ្យមានរឿងក្តីជុំទី៣ កើតឡើងជាដាច់ខាត។
ជាក់ស្តែងលទ្ធផលនៃសេចក្តីសម្រេចរបស់តុលាការក្នុងជុំទី២ កាលពីឆ្នាំ២០១៣នោះ រហូតមកដល់បច្ចុប្បន្ន នៅមិនទាន់អាចស្វែងរកអ្នកទទួលខុសត្រូវ ពិតប្រាកដបានឡើយ។ នេះក៏ដោយសារតែសេចក្តីសម្រេចនាពេលនោះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើស្ថានភាពដែនដីរបស់ប្រទេសជាតិ ដែលជាការពិតមិនអាចប្រកែកបាន។ ប៉ុន្តែដោយសារតែកន្លងមក ខ្វះការជជែកដេញដោលវែកញែករឿងនេះឱ្យបានហ្មត់ចត់ ទើបធ្វើឱ្យសង្គមទូទៅមិនបានទទួលដឹងលឺ និងមិនបានយល់ច្បាស់ពីផលប៉ះពាល់ពិតប្រាកដនៃសេចក្តីសម្រេចនោះឡើយ។
ផ្អែកលើមូលហេតុខាងលើនេះ រដ្ឋាភិបាលថៃមិនត្រូវបង្កើតលក្ខខណ្ឌណាមួយ ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀប ទាំងក្នុងទិដ្ឋភាពនយោបាយ និងច្បាប់អន្តរជាតិ គ្រាន់តែដោយសារការមានទំនុកចិត្តហួសហេតុលើអំណាចយោធានោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលគប្បីត្រូវដឹងឱ្យច្បាស់ពីដែនកំណត់ នៃអំណាចយោធារបស់ខ្លួន។ ហេតុផលគឺដោយហេតុថា «កងកម្លាំងប្រដាប់អាវុធមិនមែនជាឧបករណ៍ដែលអាចនាំមកនូវភាពជោគជ័យក្នុងការដោះស្រាយវិវាទព្រំដែន បានគ្រប់កាលៈទេសៈនោះទេ»។
ជារួម យើងច្បាស់ជាត្រូវទទួលស្គាល់ការពិតថា «ប្រទេសថៃមិនមែនជារដ្ឋមហាអំណាចធំ ដែលនឹងអាចគ្រប់គ្រងដែនដីបានហួសលើសពីខ្សែបន្ទាត់ព្រំដែន ដូចដែលបង្ហាញនៅក្នុងផែនទីខណ្ឌសីមានោះឡើយ។ ហើយនៅក្រោមគោលការណ៍ដូចគ្នានេះ ថៃក៏នឹងមិនអនុញ្ញាតឱ្យរដ្ឋជិតខាងគ្រប់គ្រងដែនដីហួសលើស ពីតំបន់ដែលបានកំណត់ទុក នៅក្នុងកិច្ចព្រមព្រៀងច្បាប់ដើមនោះដែរ។
ចុងក្រោយនេះ យើងច្បាស់ជាបានឃើញហើយថា «ស្ថានភាពសន្តិសុខព្រំដែនថៃ-កម្ពុជា» កាន់តែយូរថ្ងៃទៅ គឺកាន់តែវិវត្តទៅរកភាពស្មុគស្មាញ និងមានលក្ខណៈរសើបខ្លាំងឡើងៗជាលំដាប់។ ហេតុដូច្នេះការបណ្តោយឱ្យបញ្ហានេះអូសបន្លាយទៅមុខ ដោយគ្មានដំណោះស្រាយពិតប្រាកដនោះ មុខជានឹងមិនផ្តល់ផលល្អទាំងចំពោះប្រទេសជាតិ និងចំពោះស្ថិរភាពរបស់រដ្ឋាភិបាលផ្ទាល់ឡើយ។ បញ្ហានេះ នឹងកាន់តែមិនផ្តល់ផលល្អខ្លាំងថែមទៀត ក្នុងខណៈពេលដែលប្រទេសជាតិកំពុងប្រឈមមុខ នឹងការប្រែប្រួលដ៏គំហុក នៅក្នុងវេទិកាភូមិសាស្ត្រនយោបាយសកលនាពេលបច្ចុប្បន្ន។
ដូចនេះអ្វីដែលល្អបំផុតសម្រាប់ប្រទេសថៃនាពេលនេះ គឺត្រូវដក «អុសកម្ពុជា» ចេញពី «គំនរភ្លើងសន្តិសុខជាតិ» ដើម្បីកាត់បន្ថយភ្លើងជម្លោះឱ្យមកនៅតិចជាងមុន។
សកម្មភាពនេះ គឺធ្វើឡើងដើម្បីកុំឱ្យប្រទេសជាតិត្រូវបន្តប្រឈមមុខនឹងភ្លើងគំនរធំ ដែលឆេះក្តៅងំគ្មានថ្ងៃរលត់នោះឡើយ៕
https://www.facebook.com/matichonweekly/posts/141698703713015

-
កីឡា6 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 day agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
កីឡា6 days agoក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
-
ព័ត៌មាន2 days agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ