ព័ត៌មាន
កីឡាករ-កីឡាការិនីឆ្នើមៗ ៤រូប ត្រៀមការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរ នៅអូស្ដ្រាលី នាសប្ដាហ៍ក្រោយ
យ៉ាងហោចមានកីឡាករ-កីឡាការិនីឆ្នើមៗកម្ពុជា ៤រូប ក្នុងចំណោម ៦រូប ដែលត្រូវការពារ និងដណ្ដើមខ្សែក្រវាត់កម្រិតអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Cambodia Kun Khmer Best of The Best In Australia ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយអាជ្ញាធរកីឡាអូស្ដ្រាលី ត្រៀមរៀបចំនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅទីក្រុងស៊ីដនី។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបេសកកម្មគុនខ្មែរ កាលពីថ្ងៃទី៩ ខែកក្កដានេះ អ្នកលេងគុនខ្មែរ ដែលត្រូវចេញទៅការពារ និងដណ្ដើមខ្សែក្រវាត់គុនខ្មែរអន្ដរជាតិនេះ រួមមានកីឡាករ ពេជ្រ សម្បត្តិ, បឺត សង្ឃឹម និង ពេជ្រ អាទិទេព្យ ដែលត្រូវដាក់ខ្សែក្រវាត់ឲ្យកីឡាករអូស្ដ្រាលីដណ្ដើម គ្រាដែលកីឡាការិនី ទូច ចាន់វត្តី ត្រូវបានផ្ដល់ឱកាសឲ្យប្រកួតដណ្ដើមខ្សែក្រវាត់លើកដំបូង ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីលេចធ្លោររបស់កម្ពុជារូបនេះ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកព្រឹត្តិការណ៍នេះ លើសពីការប្រកួតការពារ និងដណ្ដើមខ្សែក្រវាត់ តែជាបេសកកម្មមួយក្នុងការនាំគុនខ្មែរចូលទៅកាន់ទ្វីបអូសេអានី ដែលជាទីផ្សារកីឡាដ៏មានសក្ដានុពលខ្ពស់ ហើយក៏ជាការសម្រេចបានមួយជំហានទៀត នៃផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្នុងការពង្រីកវិសាលភាព និងឥទ្ធិពលរបស់គុនខ្មែរ លើឆាកអន្ដរជាតិ ដែលកំពុងជំរុញគុនខ្មែរឲ្យក្លាយជាកីឡាសកលនាថ្ងៃអនាគត។

ប្រធានសហព័ន្ធដដែល បានគូរំលេចទៀតថា សហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធគុនខ្មែរជាតិ មិនត្រឹមតែមានគោលបំណងរៀបចំព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងជំរុញការកសាងមូលដ្ឋានរឹងមាំសម្រាប់គុនខ្មែរ តាមរយៈការបង្កើតអង្គការចាត់តាំងគុនខ្មែរនៅបរទេស ការបង្កើតសមាគម និងក្លិបគុនខ្មែរ ក៏ដូចជាការបង្កើតសហព័ន្ធគុនខ្មែរប្រចាំប្រទេស និងប្រចាំទ្វីប ដើម្បីឱ្យគុនខ្មែរមានរចនាសម្ព័ន្ធដឹកនាំ សកម្មភាពហ្វឹកហាត់ និងកម្មវិធីប្រកួតនៅក្រៅប្រទេស ប្រកបដោយស្តង់ដារ និងនិរន្តរភាព។
នេះជាចក្ខុវិស័យរយៈពេលវែង ដែលសហព័ន្ធកំពុងអនុវត្តជាបន្តបន្ទាប់ ដើម្បីពង្រឹងការទទួលស្គាល់គុនខ្មែរនៅលើពិភពលោក និងឆ្ពោះទៅសម្រេចគោលដៅដ៏ធំបំផុត គឺការជំរុញឲ្យគុនខ្មែរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលជាសមាជិកនៃចលនាអូឡាំពិកអន្តរជាតិ និងឈានទៅរកការបញ្ចូលជាប្រភេទកីឡាក្នុងការប្រកួតអូឡាំពិកនាពេលអនាគត ហើយឯកឧត្តមក៏បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសវិស័យឯកជន ដែលជាដៃគូមិនអាចខ្វះបានក្នុងការជំរុញ និងឆ្ពោះទៅសម្រេចបេសកកម្មដ៏ធំនេះផងដែរ។
ឆ្លៀតឱកាសនោះដែរ លោក អ៊ឹង វីរៈ អគ្គនាយកបន្ដវេននៃក្រុមហ៊ុន ខ្មែរ ប៊ែរវើជីស បានសម្ដែងមោទនភាព ដែលបានបន្ដរួមចំណែកជាមួយសហព័ន្ធ ដើម្បីជំរុញការផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិ ទៅកាន់ឆាកអន្ដរជាតិ តាមរយៈការរៀបចំកម្មវិធីជាបន្ដបន្ទាប់ ទាំងក្នុង និងក្រៅប្រទេស ជាក់ស្ដែងការគាំទ្រព្រឹត្តិការណ៍ចំពោះមុខនៅទីក្រុងស៊ីដនី ដោយលោកមានសុទិដ្ឋិនិយមតាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋអូស្ដ្រាលី និងពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់បន្ថែមទៀត។
ក្រឡេកមកចាប់អារម្មណ៍កម្មវិធីប្រកួត ដែលនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV នេះដែរ រាល់ដៃគូរបស់កីឡាករ-កីឡាការិនីគុនខ្មែរ សុទ្ធតែជាបេក្ខភាពម្ចាស់ផ្ទះអូស្ដ្រាលី ក្នុងនោះប់អ្នកលេងរហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវជួបកីឡាករ Phonlakit Chompram និងកីឡាករ បឺត សង្ឃឹម ត្រូវជួបកីឡាករ Sulaiman Hashemi ដើម្បីការពារខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមដូចគ្នា គ្រាដែល ពេជ្រ អាទិទេព ត្រូវជួបកីឡាករ Ali Nazari ការពារខ្សែក្រវាត់ទម្ងន់ ៥៨គីឡូក្រាម និងកីឡាការិនី ទូច ចាន់វត្តី ត្រូវជួបកីឡាការិនី Fleur Waru ដណ្ដើមខ្សែក្រវាត់ទម្ងន់ ៥៧គីឡូក្រាម។ ជាមួយគ្នាក៏នឹងមានគូមិត្តភាពអន្ដរជាតិ រវាងកីឡាករ ឡុង សំណាង ជួបកីឡាករ Songraw Petchyindee និងកីឡាករ គឹម វាសនា ជួបកីឡាករ Jimmy Foster ផងដែរ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣