ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាល ណែនាំឱ្យនិស្សិតខិតខំសម្រួចខ្លួនក្លាយជាមនុស្សពូកែ និងមានសមត្ថភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឱ្យខិតខំសម្រួចខ្លួនឱ្យក្លាយជាមនុស្សពូកែ និងមានសមត្ថភាពខ្ពស់ដើម្បីត្រៀមប្រកួតប្រជែងក្នុងទីផ្សារការងារនៅពេលដែលពួកគេរៀនចប់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ប្រទេសកាន់តែអភិវឌ្ឍន៍ ការងារកាន់តែមមាញឹក ការប្រកួតប្រជែងកាន់តែខ្លាំង។ ដូច្នេះ ទីផ្សារការងាររង់ចាំស្វាគមន៍មនុស្សដែលមានចំណេះជំនាញពិតប្រាកដ និងសមត្ថភាពខ្លាំងពូកែ ដែលពោរពេញដោយថាមពលដើម្បីបម្រើការងារ។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។ បាឋកថានេះ មានវត្តមានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមបណ្ឌិត សំ សំអាង អធិការបតីនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមណនិស្សិត-និស្សិតសរុបជាង២០០ អង្គ/នាក់។
នៅចំពោះមុខសមណនិស្សិត-និស្សិត ឯកឧត្តម ប៉ែន បូណា បានបង្ហាញពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតសំខាន់លើមុំទី១ ស្តីពី «ការអភិវឌ្ឍមូលធនមនុស្ស»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបង្ហាញថា ដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់បម្រើប្រទេសជាតិទៅថ្ងៃអនាគតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយក្នុងជីវិត មានទាំងជំនាញរឹងនិងទន់ មានសីលធម៌ល្អ សុខភាពមាំមួន និងមានមនសិការស្នេហាជាតិខ្ពស់។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតឱកាសអំណោយផលគ្រប់បែបយ៉ាងដល់ការសិក្សារបស់យុវជន។ ដូច្នេះ យុវជនខ្លួនឯងត្រូវចាប់យកឱកាសនេះឱ្យបានតាមរយៈកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីសម្រួចអនាគតរបស់ខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ។
សូមបញ្ជាក់ថា បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕











-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣