ព័ត៌មាន
ជប៉ុនស្នើដល់កម្ពុជាឱ្យពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន
ភ្នំពេញ៖ ប្រទេសជប៉ុនបានស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន ហើយជប៉ុនសន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាពលរដ្ឋជប៉ុន។
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានស្នើសុំដូចនេះ ទៅកាន់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបសម្តែងការគួរសម និងជំរាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នាទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍កន្លងមក ព្រមទាំងបានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស, ការផ្សព្វផ្សាយទេសចរណ៍, និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ហើយឯកឧត្តម ក៏បានលើកជាសំណើស្នើសុំពិនិត្យលទ្ធភាពសិក្សាលើការលើកលែងទិដ្ឋាការជូនដល់ភ្ញៀវទេសចរជប៉ុនដែលអញ្ជើញមកទស្សនាកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងវិស័យទេសចរណ៍ជាបន្តបន្ទាប់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ជាពិសេស ក្នុងវិស័យទេសចរណ៍ ក្នុងអាណត្តិបេសកកម្មទូតរបស់ឯកឧត្តមឯកអគ្គរាជទូត។
ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជប៉ុន និងអន្តរជាតិ ព្រមទាំងបានស្នើឱ្យភាគីជប៉ុនបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា សម្របសម្រួលឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្តពង្រីកការតភ្ជាប់ជើងហោះហើររវាងជប៉ុន និងកម្ពុជា។ ព្រមទាំង គាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា។
របាយការណ៍ក្រសួងទេសចរណ៍ បញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនចំនួន ៣៧ ៥៨៩ នាក់ នៃចំនួនភ្ញៀវទេសចរបរទេសសរុបចំនួនជិត ១,៦ លាននាក់ មកទស្សនាប្រទេសកម្ពុជា។ ភ្ញៀវទេសចរជប៉ុន ស្ថិតនៅចំណាត់ថ្នាក់ទី ៨ បន្ទាប់ពីប្រទេសចិន, វៀតណាម, អាមេរិក, ចក្រភពអង់គ្លេស, បារាំង ឥណ្ឌូនេស៊ី, និងអូស្ត្រាលី៕អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣