Connect with us

ព័ត៌មាន

អតីតពលករជាង ៥ពាន់នាក់ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់​សមត្ថភាព​ជាផ្លូវការ​ពីរាជរដ្ឋាភិបាល

គិតចាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយ​ឥត​គិតថ្លៃ កាលពីចុងខែមេសា ឆ្នាំ២០២៦កន្លងទៅ ជូនដល់ប្រជាពលរដ្ឋទូទៅ ជា​ពិសេស​អតីត​ពលករ​មក​ពីថៃ ដើម្បីផ្តល់ឱកាសខ្ពស់ក្នុងការស្វែងរកការងារ និងមានប្រាក់ខែសមរម្យជាដើម។ គិតមកដល់ពេលនេះ បេក្ខជនចំនួនប្រមាណជាង ៥ ៤០០នាក់ ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ជំនាញ​ជា​ផ្លូវ​ការរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹង​កាលពីល្ងាចថ្ងៃទី៩ ខែកក្កដាកន្លងទៅ តាមសារអេឡិចត្រូនិកដឹងថា កម្មវិធី​ការ​វាយ​តម្លៃ​ទទួល​ស្គាល់​ជំនាញពីមុន (RPL) ដែលជួយដល់អតីត​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ​តាមរយៈការទទួលស្គាល់សមត្ថភាព​ និងបទពិសោធពីក្រៅប្រទេស ឱ្យទៅជាវិញ្ញាបនបត្រ​ជា​ផ្លូវ​ការ ​គិតមកដល់ពេលនេះ មានអ្នកដាក់ពាក្យដើម្បីចូលរួមប្រឡង មានប្រមាណជិត ៦ពាន់បេក្ខជន។

លោកអ្នកនាំពាក្យ បានបន្តទៀតថា ជាការកត់សម្គាល់បានមើលមើលឃើញថា បេក្ខជនមានភាពរីករាយខ្លាំងមែនទែន ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញពួកគាត់ ដែលធ្វើឱ្យពួកគាត់មានសមត្ថភាពខ្ពស់ ហើយឱ្យគេធ្វើបញ្ជាក់ពីសមត្ថភាព ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការស្វែងរកការងារ ក៏ដូចជាបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។ លោកបានបន្ថែមថា ដោយឡែក វិស័យឯកជនទៀតសោតក៏រីករាយដែរ ពីព្រោះពេលដែលមានការបញ្ជាក់សញ្ញាប័ត្រពីរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋដែលមានជំនាញវិស័យសំណង់ ធ្វើឱ្យពួកគាត់មានកម្មករដែលមានជំនាញច្បាស់លាស់ត្រឹមត្រូវ និងមានផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ពួកគាត់ផងដែរ។

ពាក់ព័ន្ធកម្មវិធីខាងលើនេះ ក្រុមអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបានមកធ្វើតេស្ត RPL បានឱ្យ ប៊ីធីវី ដឹងថា ពិតជាមានអារម្មណ៍រំភើបនិងសប្បាយចិត្តជាខ្លាំង ដោយសារធ្លាប់ធ្វើការងារក្នុងវិស័យសំណង់នេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានលិខិតបញ្ជាក់ជាផ្លូវការណាមួយទេ ពីអ្នកជំនាញ ឬពីក្រុមហ៊ុនជាដើមដើម្បីទទួលស្គាល់ជំនាញ។

ក្រុមអតីតពលករ បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបង្កើតកម្មវីធីដ៏ល្អនេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសអតីត​ពលករខ្មែរ​ដែល​ធ្លាប់​មាន​បទពិសោធន៍ និងធ្វើការងារក្នុងវិស័យសំណង់ អាចមានអាទិភាពខ្ពស់ជាងមុន ​ក្នុង​ការស្វែង​រកការ​ងារ​សម​រម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។

សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ក្នុងវិស័យសំណង់នេះ ផ្តោតលើមុខជំនាញសំខាន់ៗចំនួន៨ មានដូចជា៖ ការងារកំបោរ (រៀប​ឥដ្ឋ​និង​បូក​)​, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំ​ឡើង​បណ្តាញ​បំពង់​ទឹក, ការដំ​ឡើ​ងបណ្តាញ​អគ្គិសនី​ក្នុង​អគារ, ការ​ងារ​រន្ទា, ការ​ដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia