ព័ត៌មាន
កសិករដាំទុរេន ១២០០ដើម នៅខេត្តមណ្ឌលគិរី កំពុងទទួលភាពជោគជ័យខ្លាំង ខណៈទុរេន១ដើម រកចំណូលបានខ្ទង់១លានរៀល
មណ្ឌលគិរី៖ ដីក្រហមនៃខេត្តមណ្ឌលគិរី មិនត្រឹមតែអំណោយផលលើដំណាំកម្រជាច្រើនប្រភេទនោះទេ ប៉ុន្តែបច្ចុប្បន្ន ដំណាំទុរេននៅទីនេះកំពុងតែលូតលាស់យ៉ាងល្អ និងមានរសជាតិផ្អែមល្មួតឆ្ងាញ់ប្លែក មិនចាញ់ទុរេនខេត្តកំពតនោះឡើយ។ អ្វីដែលពិសេស អាកាសធាតុដ៏ត្រជាក់ប្រចាំខេត្តមណ្ឌលគិរី បានធ្វើឱ្យទុរេននៅតំបន់នេះមានលក្ខណៈខុសប្លែកពីគេ ដោយសារវាផ្តល់ផលយឺតជាងទុរេននៅបណ្តាខេត្តដទៃទៀតពី ៣០ ទៅ ៤០ថ្ងៃ ឯណោះ ។

លោក ចឹង សុចន្ថា ម្ចាស់ចម្ការទុរេនទំហំ ១២ ហិកតា ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បានចែករំលែកបទពិសោធន៍ដ៏ជោគជ័យថា ចម្ការរបស់លោកមានផ្ទៃដីសរុបប្រមាណ ៣០ ហិកតា ដោយមានដាំដំណាំចម្រុះជាច្រើនដូចជា ឫស្សី សាវម៉ៅ និងមឃុត។ ប៉ុន្តែដំណាំយុទ្ធសាស្ត្រស្នូលក្នុងចម្ការ គឺទុរេន ដែលមានរហូតដល់ ១,២០០ ដើម (ស្មើនឹង ១២ហិកតា)ក្នុងចំណោមនោះ មានដើមទុរេនចំនួន ៨០០ ដើមហើយ ដែលកំពុងប្រមូលផល ។ ម្ចាស់ចម្ការរូបនេះបានបង្ហើបពីតួលេខចំណូលដ៏គួរឱ្យទាក់ទាញថា ទុរេននៅក្នុងចម្ការរបស់លោកមានពីរប្រភេទគឺ ពូជឱខាក និងពូជម៉ាន់ថង។ ជាមធ្យម ក្នុងទុរេនមួយដើមអាចផ្តល់ផលបានប្រហែល ១២០ គីឡូក្រាម ហើយបើគិតជាចំណូលវិញ គឺអាចរកលុយបានប្រហែល ១ លានរៀលក្នុងមួយដើម។

ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រលក់ លោក ចន្ថា មិនផ្ដោតលើការលក់ឱ្យឈ្មួញកណ្តាលដែលមកប្រមូលទិញទាំងអស់នោះទេ ពោលគឺលោកបើកទ្វារចម្ការឱ្យប្រជាពលរដ្ឋ ឈ្មួញ ឬភ្ញៀវទេសចរ អាចដើរចូលមកមើល កាត់ និងថ្លឹងគីឡូជាក់ស្តែងផ្ទាល់ពីលើដើមតែម្តង។ ចំណែកទុរេនដែលនៅសល់ លោកលក់ផ្ទាល់ទៅឱ្យអ្នកបញ្ជាទិញតាមបណ្តាញសង្គម ដោយមានការវិចខ្ចប់ផ្ញើជូនដល់កន្លែង។ លោកបានធានាថា តម្លៃទុរេននៅក្នុងចម្ការរបស់លោកគឺសមរម្យខ្លាំងណាស់ ដើម្បីឱ្យអ្នកទិញយកទៅលក់បន្តអាចចំណេញបានទាំងអស់គ្នា។ ទោះជាយ៉ាងណា លោក ចន្ថា ក៏បានប្រាប់ពីបញ្ហាប្រឈមខ្លះៗដែរថា ដំណាំទុរេនទាមទារការថែទាំខ្ពស់ណាស់ ពិសេសគឺទឹក ព្រោះវាខ្វះទឹកមិនបាន ហើយក៏មិនអាចដាំនៅលើដីជាំទឹកបានដែរ។ ការថែទាំត្រូវដុតដៃដុតជើងខ្លាំងក្នុង ៣ ដំណាក់កាល ចាប់តាំងពីពេលវាចេញផ្កាមកភ្លាមៗ ប្រសិនបើយើងថែទាំផ្កា ឬត្រួយវាមិនបានល្អពីដំបូងទេ នោះទុរេននឹងមិនសូវបានផលច្រើនឡើយ។ លោក ចឹង សុចន្ថា បានផ្តល់ការណែនាំថា សម្រាប់អ្នកមានដីធំគួរដាំកៅស៊ូ ព្រោះមិនសូវហត់ថែទាំ ប៉ុន្តែបើអ្នកមានដីតូច គឺគួរតែដាំទុរេន ព្រោះដីតូចតែអាចរកចំណូលបានខ្ពស់ ។

លោក ចន្ថា បានបញ្ជាក់បន្ថែមពីគោលដៅនៃការមកដាំទុរេននេះថា ពីដើមឡើយលោកជាមន្ត្រីរាជការ ដោយបារម្ភខ្លាចពេលចូលនិវត្តន៍ទៅមិនមានចំណូល ទើបសម្រេចចិត្តមកធ្វើកសិកម្មដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយលោកបានប្រៀបធៀបថា ទុរេនតែប៉ុន្មានផ្លែ គឺលក់បានលុយស្មើសាវម៉ៅមួយកន្ត្រក់ធំទៅហើយ ។ ក្នុងនាមជាកសិករខ្មែរម្នាក់ លោករំពឹងថា ក្រោយពេលបិទព្រំដែនជាមួយប្រទេសជិតខាង ប្រជាពលរដ្ឋខ្មែរនឹងងាកមកគាំទ្រទុរេនខ្មែរយើងកាន់តែច្រើន ព្រោះជាទុរេនដែលមានសុវត្ថិភាពខ្ពស់ក្នុងការបរិភោគ និងបានជួយដល់កសិករខ្មែរគ្នាឯងផងដែរ។
សក្តានុពលដីក្រហម និងអំណោយផលអាកាសធាតុនៃខេត្តភូមិភាគឦសានមួយនេះ កំពុងតែទាក់ទាញចិត្តកសិករ និងអ្នកវិនិយោគកាន់តែច្រើន ឱ្យងាកមកដាំដុះដំណាំហូបផ្លែឈ្ងុយឆ្ងាញ់ប្រភេទនេះ ដែលវាមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តនិងជាតិផងដែរ ៕ អ៊ិត ភីរុណ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣