ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបង បើកដំណើរការពិព័រណ៍ផ្លែឈើប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ២០២៦ប្រកបដោយភាពអធិកអធម មានអ្នកចូលរួមយ៉ាងច្រើនកុះករក្រោមបរិយាកាសសប្បាយរីករាយនិងធានាបាននូវសន្តិសុខសុវត្ថិភាព។ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះ ធ្វើឡើងនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ធ្វើឡើងដើម្បីលើកកម្ពស់វិស័យកសិកម្មជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត។
ឯកឧត្តម សង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ផ្លែឈើគឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។
ឯកឧត្តម ហួត ហាក់ បានចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦ពិតជាមានលក្ខណៈច្នៃប្រឌិតខ្ពស់ និងទទួលបានការអបអរសាទរយ៉ាងក្លៀវក្លាពីប្រជាពលរដ្ឋ។
ឯកឧត្តម ថ្លែងថា ការរៀបចំព្រឹត្តិការណ៍នេះធ្វើឡើងប្រកបដោយស្មារតីរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយក្រោមចក្ខុវិស័យរួមគឺការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺការចូលរួមក្នុងការរិះរកគ្រប់យុទ្ធសាស្រ្តដើម្បីលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋហើយព្រឹត្តិការណ៍នេះពិតជាបានផ្ដល់ឱកាសឱ្យកសិករបាននាំយកកសិផលក្នុងស្រុកគ្រប់ប្រភេទមកតាំងបង្ហាញ និងលក់ដូរសំដៅលើកស្ទួយវិស័យកសិកទេសចរណ៍។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ ធ្វើឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ មានសកម្មភាពសំខាន់ៗជាច្រើនរួមមាន៖ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង,ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤,បុហ្វេទុរេន និងការភ្លក់រសជាតិផ្លែឈើបាត់ដំបង,ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក,កម្មវិធីសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗ។កម្មវិធីបុហ្វេទុរេននឹងត្រូវធ្វើឡើងត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀត៕

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣