ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពផ្លូវខូច តាមមូលដ្ឋានដើម្បីរៀបចំផែនការជួសជុល
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវខូច នៅក្នុងភូមិសាស្ត្រក្រុង/ស្រុកចំនួន៤ រួមមាន ក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃគុណភាព និងរៀបចំផែនការស្តារ ជួសជុល និងអភិវឌ្ឍន៍បន្ថែម។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ដោយរាល់ការស្ថាបនា ឬជួសជុលឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើហើយខូចៗនោះឡើយ។
ឯកឧត្តមបានបន្តថា មន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដាន និងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះដោយសារសម្រាម ឬដីខ្សាច់ឡើយ ព្រោះទឹកជំនន់ទឹកភ្លៀងគឺជាសត្រូវធំបំផុតរបស់ផ្លូវថ្នល់។ ជាមួយគ្នានោះដែរ ភាគីពាក់ព័ន្ធត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីរឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ខ្សែផ្លូវក្នុងខេត្ត ដោយត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់បំផុតចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិរដ្ឋទាំងអស់គ្នា ជាពិសេសការមិនផ្ទុកទម្ងន់លើសទម្ងន់កំណត់ ដើម្បីរក្សាខ្សែផ្លូវទាំងនោះឱ្យនៅល្អស្អាត សម្រាប់ជាប្រយោជន៍រួមក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
គួរបញ្ជាក់ផងដែរថាក្នុងដំណើរចុះពិនិត្យនោះរួមមាន៖ ក្នុងស្រុកសំរោងទង ខ្សែផ្លូវលេខ ១៤៤០ ចេញទៅផ្លូវជាតិលេខ៤ (ម្តុំមុខបុរីសុវណ្ណ) តភ្ជាប់រវាងស្រុកសំរោងទង និងក្រុងច្បារមន មានប្រវែង ១០ គីឡូម៉ែត្រ។ ខ្សែផ្លូវលេខ ១៤០ ពីផ្លូវជាតិលេខ៤ តាមផ្សារព្រៃផ្តៅ ទៅដល់វត្តស្រះឃ្លាំង មានប្រវែង ៩,៩ គីឡូម៉ែត្រ។ ខ្សែផ្លូវតភ្ជាប់ពីផ្លូវលេខ៥១ មានប្រវែង ៨,៤ គីឡូម៉ែត្រ ចាប់ពីមុខវត្តអង្គខ្មៅ ដោយតភ្ជាប់ពីផ្លូវបេតុងចាស់ (លេខ ១៦១០៣ ទទឹង ៨៣) ស្ថិតនៅក្នុងឃុំសំបូរ និងឃុំត្រពាំងគង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ម្តុំមុខរោងចក្រសាព្រីណា។ ស្រុកគងពិសីខ្សែផ្លូវតភ្ជាប់ចន្លោះពីផ្លូវជាតិលេខ ៤១ ទៅដល់ផ្លូវជាតិលេខ ៣ មានប្រវែង ៨,៦ គីឡូម៉ែត្រ។ និងស្រុកបសេដ្ឋ ខ្សែផ្លូវពីផ្សារប័ង្គសី មកផ្សារស្លាបលែង៖ ផ្លូវមួយខ្សែនេះរងការខូចខាតច្រើន ដោយកាត់តាមឃុំចំនួន២ គឺឃុំស្តុក និងឃុំភារីមានជ័យ មានប្រវែងសរុប ១២ គីឡូម៉ែត្រ។
សរុបខ្សែផ្លូវសំខាន់ៗដែលត្រូវបានចុះពិនិត្យ និងវាយតម្លៃដើម្បីត្រៀមស្តារ និងជួសជុលឡើងវិញនៅក្នុងស្រុកទាំង៤ នេះមានប្រវែងសរុបប្រមាណជិត ៤៩ គីឡូម៉ែត្រ ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣