Connect with us

ព័ត៌មាន

ក្រុមហ៊ុន China Energy International ចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យស៊ីម៉ងត៍ និងទឹកស្អាតនៅកម្ពុជា

ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ យលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការដ៏ល្អ និងការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា កាលពីដំបូងឡើយ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាបានផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ដោយឡែក, នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យសក្ដានុពលបន្ថែមទៀតនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ, កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ, កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពប្រភពថាមពលអគ្គិសនីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រជានិច្ច ដើម្បីធានាឱ្យបណ្ដាក្រុមហ៊ុនវិនិយោគទទួលបានជោគជ័យ និងរីកចម្រើនទៅមុខ។ ជាមួយគ្នានោះ, សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia