ព័ត៌មាន
ប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាមានស្ថិរភាពនយោបាយ អភិវឌ្ឍឆាប់រហ័ស និងផ្ដល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិន
ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលបានផ្ដល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកត្តានេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឱ្យក្រុមហ៊ុនមានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង។ លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវភាពរីករាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងឯករាជ្យភាពផ្នែកថាមពលរបស់កម្ពុជា នាពេលអនាគត។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យថាមពល និងវិស័យកសិកម្ម។ លោកប្រធានក្រុមហ៊ុនក៏បានបញ្ជាក់ថាក្រុមហ៊ុនកំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន ដើម្បីកៀរគរក្រុមហ៊ុនទាំងនោះមកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសនានា ក៏ដូចជាភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុក ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា វិស័យថាមពល ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់ការផ្គត់ផ្គង់ទៅកាន់បណ្ដាប្រទេសសមាជិកអាស៊ានផងដែរ តាមរយៈគោលនយោបាយបណ្ដាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
មុននឹងបញ្ចប់, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា នាពេលខាងមុខ៕





-
ព័ត៌មាន1 week agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន1 week agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន4 days agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន5 days agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក