ព័ត៌មាន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
សៀមរាប៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង ៥៦០នាក់ចូលរួម ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រមូលពីតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។
ឯកឧត្តមបន្ថែមថា ការនាំយកការងារក្នុងស្រុកដ៏សម្បូរបែបមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលា ដែលបងប្អូនមិនលំបាកដើររកការងារដោយខ្លួនឯង។ ការងារក្នុងស្រុកនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គឺជាជម្រើសដ៏ប្រសើរ សម្រាប់កសាងសេដ្ឋកិច្ច និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ដូចមន្រ្តីរាជការដែរ។ សម្រាប់ស្រ្តីមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ជាច្រើនរហូតដល់កូនមានអាយុក្រោម ២ឆ្នាំ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកនៅប្រទេសថៃ ទោះសង្គមគេស៊ីវិល័យ ប៉ុន្តែប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង មិនអាចរស់នៅជួបជុំគ្រួសារ និងការចំណាយក៏ច្រើន។
ម្យ៉ាងវិញទៀត ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរី ជាដើម។ ទន្ទឹមនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។
លើសពីនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ភេសជ្ជៈ និងផ្នែកសាឡនជាដើម។ សម្រាប់បងប្អូនមានបណ្ណសមធម៌(ក្រ១ ក្រ២) គឺរៀនហើយថែមទាំងបានប្រាក់ឧបត្ថម្ភថែមទៀត។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវមហិច្ឆតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ ដោយឥតគិតថ្លៃសម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.៕













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣