ព័ត៌មាន
ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្តាយជាទីបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះទាំងអស់។
ឯកឧត្តមប្រធាន បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយឱ្យបានល្អប្រសើរ។ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីជាមិនអាចជួយបំពេញបានទាំងស្រុងទៅតាមតម្រូវការក៏ដោយ ក៏ប៉ុន្តែសាខាតែងតែបានចូលរួមចំណែកជួយដោះស្រាយ និងសម្រាលនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែក។ ម៉្យាងវិញទៀត អំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺធ្វើឡើងដោយបេះដូង គ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវមើលថែកូនចៅតូចៗឱ្យបានដិតដល់ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសាររដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់គ្រប់ទីកន្លែងដែលអាចបង្កើតជាជម្រកមូសខ្លា។ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិឱ្យបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរងគ្រោះបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តដែលបាននាំយកអំណោយមនុស្សធម៌មកផ្តល់ជូនដល់ដៃពួកគាត់ទាន់ពេលវេលា ដែលនេះពិតជាមានតម្លៃមហាសាលក្នុងការជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងជួយឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការជួសជុលផ្ទះសម្បែងឡើងវិញ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏បានលំឱនកាយវាចាចិត្តគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣