Connect with us

ព័ត៌មាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើកិច្ចសម្ភាសន៍ជាមួយ Bloomberg ផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងកិច្ចសម្ភាសន៍ជាមួយ Bloomberg ដែលជាក្រុមហ៊ុនព័ត៌មាន ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពលរដ្ឋនៅលើពិភពលោក អំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល ប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការ អនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅសប្តាហ៍កន្លង មកថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា បាននិងកំពុងខិតខំ ប្រឹងប្រែងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បញ្ហា Online Scams មិនបានជួយអ្វីដល់កម្ពុជា ឬសេដ្ឋកិច្ចកម្ពុជានោះឡើយ ពោលគឺមានតែធ្វើឱ្យបាត់មុខមាត់ប្រទេសជាតិ ការពិបាកទាក់ទាញ វិនិយោគិន និងទេសចរណ៍ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា តាមរយៈបញ្ហាខាងលើនេះ នៅថ្ងៃទី២៤ ខែកក្កដាខាងមុខ ក្រុមហ៊ុនព័ត៌មាន Bloomberg ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទិន្នន័យសកលដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក នឹងមកធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នឹងជាមួយឯកឧត្តម នៅថ្ងៃទី២៤ កក្ដដា ដើម្បី ពន្យល់ពីសក្តានុពល​នៃការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា តាមរយៈព័ត៌មាន Bloomberg ដែលមានអ្នកមើលជាង ៤០០ លាន នាក់នៅលើពិភពលោក ពីបរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញ Online Scams នេះឃើញថា រាជរដ្ឋាភិ- បាលបានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសម្អាត ហើយវិធានការនេះនឹងមានប្រសិទ្ធភាពខ្លំាំង ដែលនឹងអាចលុបបំបាត់ ក្នុងពេលឆាប់ៗ ដើម្បីលើកកម្ពស់មុខមាត់របស់ប្រទេសជាតិយើង ជាពិសេសជំរុញការបង្កើនទំនុកចិត្តដល់វិនិយោគិន លើបរិយាស វិនិយោគនៅកម្ពុជា ដើម្បីកម្ពុជាឈានទៅប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកឱ្យកាន់តែខ្លាំងក្លា។

ជុំវិញការវិនិយោគនេះ, នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២៧៥ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៧៤ លានដុល្លារ អាមេរិក។ ចំណែកការនាំចេញវិញ, នៅក្នុងរយៈពេល ៦ ខែនេះដែរ កម្ពុជាបាននាំចេញមានទំហំទឹកប្រាក់ជាង ១៧ ពាន់លានដុល្លារ អាមេរិក កើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ជុំវិញកាវិនិយោគ និងពាណិជ្ជកម្ម, ទោះបីកម្ពុជានៅតែមានលំហូរវិនិយោគ និង​ការ​នាំ​ចេញ​នូវបន្តកំណើនល្អយ៉ាង ណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានបង្ហាញនូវមហិច្ឆិតាខ្ពស់ ក្នុង​ការ​បន្តផ្សព្វផ្សាយអំពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា និងការដើរគោះ ទ្វារនៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បីបង្ហាញពីសក្តានុពល និងភាពអំណោយផលរបស់កម្ពុជា ដើម្បី​ទាក់​ទាញ​វិនិយោគ​មក​បណ្តាក់ទុននៅកម្ពុជាបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia