ព័ត៌មាន
សម្តេចតេជោ អរគុណជប៉ុនបានជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាពរហូតដល់បច្ចុប្បន្ន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាព រហូតដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្ដាច់ពីតួនាទីរបស់មិត្តជប៉ុនបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តជប៉ុនបែបនេះ អនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាសនោះសម្ដេចតេជោ បានម្ដេងនូវក្ដីរីករាយដែលបានជួបឯកឧត្តមឯកអគ្គរាជទូតជាថ្មី ជាពិសេសបានជួបជជែកគ្នាមុនពេលឯកឧត្តមចាកចេញពីប្រទេសកម្ពុជាក្រោយពេលចប់អាណត្តិ។
សម្ដេចតេជោ សង្ឃឹមថា ទោះបីជាពេលនេះ ឯកឧត្តមបានផុតអាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជា ឯកឧត្តមក៏នឹងនឹកឃើញនូវអនុស្សាវរីយ៍ដែលឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងការកសាងពូនជ្រំនៅទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន ហើយមកទល់ពេលនេះប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នា។
នៅក្នុងឱកាសនោះ ឯកឧត្តម UENO Atsushi បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងជប៉ុនគឺជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នាដែលទំនាក់ទំនងប្រទេសទាំងពីរបានរីកចម្រើនស្ទើគ្រប់វិស័យជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងក្នុងវិស័យសន្ដិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនគឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់ដែលបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនកាន់តែរឹងមាំបន្តទៀត។
ក្នុងឱកាសនោះឯកឧត្តមបានបង្ហាញនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា, ឯកឧត្តមលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា មិនមែនកើតឡើងត្រឹមពេលឯកឧត្តមធ្វើជាឯកអគ្គរដ្ឋទូតប៉ុណ្ណោះទេ ប៉ុន្ដែឯកឧត្តមបានមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះហើយបានឃើញអំពីការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដោយឯកឧត្តមមិននឹងស្មានថា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះកម្ពុជាអាចដើរមកដល់ពេលនេះ បានទេ។
សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះឯកឧត្តម Atsushi ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន។ សម្ដេចតេជោ បានអរគុណជាអនេកប្បការចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលក្នុងអាណត្តិរបស់ឯកឧត្តមបានលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោ ក៏បានអរគុណចំពោះប្រទេសជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានាពេលកន្លងមក ទាំងការចូលរួមដោះស្រាយនូវបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាផ្នែកមួយនៃការស្វែងរកសន្ដិភាពរបស់កម្ពុជា, ការចូលរួមចំណែកក្នុងការដោះមីនចេញពីផ្ទៃដីកម្ពុជា ហើយជាពិសេសគឺការគាំទ្ររបស់ជប៉ុនដល់កម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវ ស្ពាន និងកំពង់ផែ នៅកម្ពុជា គឺមិនអាចកាត់ផ្ដាច់នូវតួនាទីរបស់ជប៉ុនបាននោះទេ ដោយជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់កម្ពុជា៕













-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព