Connect with us

ព័ត៌មាន

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ៖ ការ​ផ្តល់សច្ចាប័ននៃអនុសញ្ញា និងពិធីសារអាកាសយាន​នាំមកនូវ​អត្ថប្រយោជន៍​សំខាន់ៗចំនួន​ពីរ

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ​នឹង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​នៅ​ពេល​ប្រទេស​កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ ការ​ផ្តល់សច្ចាប័ននេះ នឹង​ផ្តលអត្ថប្រយោជន៍​សំខាន់ៗចំនួនពីរ ដល់កម្ពុជា​។​

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃ «អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន» ត្រូវបានសមាជិករដ្ឋសភា អនុម័តជាឯកច្ឆន្ទ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែង​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភាថា អត្ថប្រយោជន៍សំខាន់ៗ​ទាំង២នេះ រួមមាន

ទី១. អត្ថប្រយោជន៍ផ្នែកច្បាប់៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មានលក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួល​ចំពោះឧបករណ៍អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយនិងតែមួយ​ក្នុងការគ្រប់​គ្រងឧបករណ៍​ចល័តដែលមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ ជាដើម ដែលហៅថាប្រាតិភោគជាអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ពីគ្រប់បណ្តា​រដ្ឋភាគីផ្សេងៗទៀត តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច។ ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

ចំណែក​ទី​២ គឺ​អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬ​ជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដោយសារតែមានប្រាតិភោគជាអន្តរជាតិលើ​គោលការណ៍អនុវត្តនៃសិទ្ធិកាន់កាប់ឡើងវិញ, ការលុបការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង។

ឯកឧត្តម ហាវណ្ណាល់ បាន​លើក​ឡើង​ទៀត​ថា ​ចំពោះ​ផលជះពីការចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន គឺ​កម្ពុជាទទួលបានមកវិញ​មានចូលរួមជួយកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេសដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីៗ ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។

ព្រមទាំង ជួយបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាននិងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ មកកាន់កម្ពុជា, និង ជួយគាំទ្រដល់ការរីកចម្រើនប្រកបដោយភាពធន់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ អាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ។ បន្ថែមលើសពីនេះ អនុសញ្ញានិងពិធីសារអាកាសយាន ក៏​នឹងជួយដល់​ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដូចជា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុង​ការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះ ដូចជា ក្រុមហ៊ុន Boei​ng របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន កូម៉ាក់ (COMAC) របស់ប្រទេសចិន លើ​លក្ខ​ខណ្ឌ​អនុគ្រោះផ្នែកហិរញ្ញវត្ថុ ក៏ដូចជា បានកសាងទំនុកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់​អាកាសយាន ដែលបាន ឬ មានបំណងជួលអាកាសយានឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ផងដែរ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia