ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវក្តាប់សភាពការណ៍ជាតិ-អន្តរជាតិឱ្យបានច្បាស់លាស់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា
កោះកុង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យតាមដាន និងក្តាប់ព័ត៌មាន ឬព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ ដើម្បីរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានជ្រាបត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជៀសវាងការទទួលបានព័ត៌មានមិនពិត ឬការបកស្រាយខុសពីប្រភពផ្សេងៗ។
ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងទៀតថា នៅក្នុងបរិបទដែលបច្ចេកវិទ្យាវិវត្តន៍យ៉ាងឆាប់រហ័ស លំហូរព័ត៌មានក្លែងក្លាយក៏កើតមានឡើងយ៉ាងច្រើន ដែលទាមទារឱ្យមន្ត្រីព័ត៌មានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមានវិធានការគ្រប់គ្រងព័ត៌មាននិងឆ្លើយតបឱ្យបានម៉ឺងម៉ាត់។ ឯកឧត្តមបានគូសបញ្ជាក់ថា វិធីសាស្ត្រប្រឆាំងដ៏មានប្រសិទ្ធភាព គឺការយកព័ត៌មានពិតទៅបំផ្លាញព័ត៌មានក្លែងក្លាយឱ្យអស់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដែលមន្ត្រីសាធារណមតិមានធាតុចូល និងព័ត៌មានគ្រប់គ្រាន់ក្នុងដៃ យើងអាចផ្សព្វផ្សាយឆ្លើតបបានភ្លាមៗ និងមានមូលដ្ឋានគ្រឹះត្រឹមត្រូវ ការឆ្លើយតបបានលឿន និងច្បាស់លាស់ ជួយកាត់បន្ថយការភាន់ច្រឡំរបស់សាធារណជន ហើយការពារមិនឱ្យមតិអវិជ្ជមានពីបរទេស ឬក្រុមមជ្ឈដ្ឋានមិនល្អ បំភ្លៃការពិតអំពីស្ថានភាពប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋាន។
ឯកឧត្តមគួសបញ្ជាក់ថា មន្ទីរព័ត៌មានដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈការងារសាធារណមតិ ដែលជាសេនាធិការមិនអាចខ្វះបានទាំងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត និងថ្នាក់ជាតិ។
ឯកឧត្តម ទេព អស្នារិទ្ធ មានប្រសាសន៍បញ្ជាក់ថា យន្តការការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីររាជធានីខេត្ត កំពុងដើរតួនាទីដ៏សំខាន់ជា «ខ្សែប្រយុទ្ធ»ក្នុងសមរភូមិព័ត៌មានសម្រាប់មូលដ្ឋានរាជធានីខេត្តរៀងៗខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវកម្លាំងសរុប និងប្រសិទ្ធភាពការងារ ក្រុមការងារទាំងអស់ត្រូវតែមានការគាំទ្រ និងសហការគ្នាជាធ្លុងមួយដើម្បីធានាសាមគ្គីភាពរឹងមាំផ្ទៃក្នុង ព្រមទាំងបន្តពង្រឹងកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងទម្រង់ជាបណ្តាញការងារព័ត៌មាន និងសាធារណមតិរឹងមាំក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ ក៏បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍមូលដ្ឋាន និងព្រឹត្តិការណ៍នានាក្នុងខេត្ត តាមរយៈគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់មន្ទីរឱ្យបានផុលផុសផងដែរ។
លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានប្តេជ្ញាពង្រឹងសមត្ថភាពក្រុមការងារ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផលិតមាតិកាព័ត៌មានស្តីពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែសកម្ម និងទាន់ពេលវេលា។ ជាមួយគ្នានេះ មន្ទីរនឹងពង្រឹងប្រសិទ្ធភាពបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងមូល៕






-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨