ព័ត៌មាន
កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួនសរុប ២៧៦ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ៤,៧ ប៊ីលានដុល្លារអាមេរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង។ ក្នុងអំឡុងពេលនេះ ការបោះទុនវិនិយោគក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់ ដោយកាន់កាប់ចំណែកជាង ៤១% នៃដើមទុនវិនិយោគសរុប។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥ និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៥ពាន់កន្លែង។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កត់សម្គាល់ថា ក្នុងឆមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថមថយល្បឿនបន្តិច បើធៀបនឹងឆ្នាំទី១ ឆ្នាំ ២០២៥។
ឯកឧត្តមបន្តថា ការធ្លាក់ចុះនេះ ដោយសារកត្តាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដោយសារកត្តាសង្រ្គាមនៅមជ្ឈឹមបូព៌ា រួមផ្សុំនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម។ ទោះបីយ៉ាងណា ការបោះទុនវិនិយោគពីវិនិយោគិនក្នុងស្រុកបានឈានមុខគេ ដោយកាន់កាប់ចំណែក ៤១, ៧៤%នៃទុនវិនិយោគ ហើយវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសចិន បានឈរនៅលំដាប់ទី២ មានចំនួន ៣៥,៧៥%, សិង្ហបុរី ១៥,៣៥% , ម៉ាឡេស៊ី ៤,២៦% , ហូឡង់ ០,៨៥% និង ជប៉ុន និងសហរដ្ឋអាមេរិក ០,១៧% ដូចគ្នា។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ វិស័យឧស្សាហកម្មរបស់កម្ពុជាទទួលបានទុនវិនិយោគឈានមុខគេរហូតដល់ ២,៥៦ប៊ីលានដុល្លារអាមេរិក តាមពីក្រោយដោយ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ទទួលបានដើមទុនវិនិយោគចំនួន ១,៧២ ប៊ីលានដុល្លារអាមេរិក ខណៈ វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ទទួលបានទុនវិនិយោគចំនួន ១១៣លានដុល្លារអាមេរិក និងវិស័យទេសចរណ៍ទទួលបានចំនួន ៣០០លានដុល្លារអាមេរិក៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣