ព័ត៌មាន
កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជា និងឡាវបានរក្សាចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អប្រកបដោយការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ជាពិសេសបន្ទាប់ពីការអនុម័តផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងឆ្នាំ២០២៣-២០២៧ ហើយខួបលើកទី៧០នេះជាឱកាសបង្កើនសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធី TVET ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយបានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល និងអ្នកជំនាញ និងការបង្កើតភាពជាដៃគូរវាងគ្រឹះស្ថាននៃប្រទេសទាំងពីរ ដោយការបង្កើតអនុស្សរណៈនៃការយោគយល់រួមគ្នា។ ឯកឧត្ដមជឿជាក់យ៉ាងមុតមាំថា អាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ឯកឧត្ដមបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីឡាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ជាការឆ្លើយតប ឯកឧត្តម សនសៃ វ៉ាន់ណាសៃ បានសម្តែងនូវសោមនស្សរីករាយ និងមោទនភាពចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសជិតខាងមានប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ដ៏ផូរផង់សម្បូរបែប ហើយបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងភាពស្និទ្ធស្នាល ក៏ដូចជាបានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ យ៉ាងសកម្ម។ ឯកឧត្តមបានលើកឡើងថា ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះនឹងមានការរៀបចំកម្មវិធីអបអរសាទរទាំងនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងវៀងចន្ទន៍។
ជាមួយនឹងការកត់សម្គាល់ពីកំណើនកម្មករនិយោជិតនៅកម្ពុជាជារៀងរាល់ឆ្នាំ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមក៏បានសម្តែងការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានបញ្ជាក់ពីសារៈសំខាន់ និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះសម្រាប់ផលប្រយោជន៍កម្ពុជា-ឡាវ៕










-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦