Connect with us

ព័ត៌មាន

ក្រុមហ៊ុន Shandong ចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្នុងឱកាសជួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន, តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។

លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដែលបានចាប់ផ្តើមបោះទុនវិនិយោគតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងយុគសម័យថ្មី។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនអំពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញ។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលបានជឿជាក់ និងបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ បន្ថែមលើនេះ, សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសវិនិយោគទាំងនោះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។

មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយមើលឃើញពីបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទី។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងតំបន់ភូមិភាគឦសាននេះផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia