ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការងារចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់កម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងថ្មីៗបន្ថែមទាក់ទងនឹងវិស័យការងារ មុនពេលចេញទៅបំពេញបេសកកម្មការទូតនៅតាមស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេស។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការធ្វើទេសន្តរប្រវេសន៍ការងារ ដែលជាបាតុភូតប្រពៃណីដ៏យូរលង់ និងកំពុងបន្តកើតមានកាន់តែច្រើន ជាពិសេសនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ការធ្វើទេសន្តរប្រវេសន៍ការងារជាកម្លាំងចលករ និងជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ លើសពីនេះ ទេសន្តរប្រវេសន៍ការងារ ក៏ជាការធ្វើពាណិជ្ជកម្មផ្នែកសេវាកម្ម ដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលប្រទេសនានាប្រើប្រាស់ដើម្បីពង្រីកទីផ្សារការងារ អភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ការជំរុញទេសន្តរប្រវេសន៍ការងារអាស្រ័យលើកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈទំនាក់ទំនងការទូតសេដ្ឋកិច្ច និងក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនានា ដូចជា អនុសញ្ញាក្រុងវីយែន ក្របខ័ណ្ឌអង្គការ WTO និងស្តង់ដាអង្គការ ILO។

ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់ជនទេសន្តរប្រវេសន៍ការងារក្នុងការរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈប្រាក់បញ្ញើដ៏ច្រើនចូលមកក្នុងប្រទេស។ ឯកឧត្តមក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះជនទេសន្តរប្រវេសន៍ខ្មែរនៅក្រៅប្រទេស តាមរយៈការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងយន្តការគ្រប់គ្រងការជ្រើសរើស បណ្តុះបណ្តាលនិងបញ្ជូនជនទេសន្តរប្រវេសន៍ទៅធ្វើការនៅក្រៅប្រទេស។ កម្ពុជាក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនជនទេសន្តរប្រវេសន៍ រួមមាន ច្បាប់ អនុក្រឹត្យ ប្រកាស គោលនយោបាយជាតិ លិខិតូបករណ៍អន្តរជាតិ អនុស្សរណៈនៃការយោគយល់គ្នា កិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិ ដៃគូ ម្ចាស់ម៉ាក និងប្រទេសទទួលជាដើម។ ការធ្វើទេសន្តរប្រវេសន៍ការងារទៅក្រៅប្រទេស គឺជាឱកាសការងារ និងជាជម្រើសបន្ថែមលើឱកាសការងារ និងជម្រើសការងារដែលមាននៅក្នុងប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបញ្ជូនជនទេស្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅបរទេសតាមរយៈយន្តការស្របច្បាប់មិនត្រឹមតែជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញបច្ចេកទេស បទពិសោធការងារ និងចំណេះដឹងថ្មីៗ ហើយត្រឡប់មកចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាវិញតាមរយៈការបង្កើតមុខរបរដោយខ្លួនឯងពីប្រាក់សន្សំទុក។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីជាន់ខ្ពស់ទាំងអស់ដែលបានទៅបំពេញបេសកកម្មការទូត បន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ និងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ដើម្បីបើកឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការមានជម្រើសការងារបន្ថែមទៀត៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣