ព័ត៌មាន
ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការជម្រាបជូននេះ ក្នុងជំនួបពិភាក្សានៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងស្វាគមន៍ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។
ឯកឧត្តម អ៊ិន តារា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ ឯកឧត្តម បានសង្កត់ធ្ងន់បន្ថែមទៀតថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលវត្តមានការិយាល័យ OHCHR មានវ័យចំណាស់ជាងគេនៅលើពិភពលោក នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពបើកចំហ កិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែង ប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមករវាងកម្ពុជា និងអាណត្តិរបស់អ្នករាយការណ៍ពិសេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវកិច្ចសន្ទនាបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
ឯកឧត្តម ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមបានស្វាគមន៍ចំពោះគម្រោងធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់ និងជំរំភៀសសឹក ដើម្បីស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅទីនោះ។
លោក Andrews បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ហើយបានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងការជួយសម្របសម្រួលដ៏ល្អប្រសើរក្នុងការរៀបចំជំនួបរបស់លោកជាមួយថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា៕ អត្ថបទ៖ វង្ស សុភាព





-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M
-
ព័ត៌មាន6 days agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា