ព័ត៌មាន
សម្ដេចតេជោ៖«នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន»
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជាថា នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសបានអនុញ្ញាតឱ្យ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរចំពោះលោក អេនឌ្រូ ដែលទទួលបានការតែងតាំងធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជំនួសឱ្យលោក វីទីត ម៉ុនតាប៊ន ដែលបានលាលែងពីតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ ពេលកន្លងទៅ។
សម្ដេចតេជោសង្ឃឹមថា តាមរយៈជំនួបរវាងសម្ដេចតេជោ និងលោក អេនឌ្រូ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ លោកនឹងអាចឈ្វេងយល់អំពីវឌ្ឍនភាពបន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងឱកាសនោះលោក អេនឌ្រូ បានសម្ដែងនូវការអរគុណជាអនេកប្បការ និងវាយម្លៃខ្ពស់ ចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសមនាពេលនេះ។ លោកវាយតម្លៃខ្ពស់ថា ការដែលសម្ដេចតេជោ អនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសមនេះគឺជាសញ្ញាដ៏វិជ្ជមាន ដ៏ល្អមួយដែលបង្ហាញអំពីការផ្ដល់តម្លៃទៅលើការជជែកពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស ហើយលោកបានលើកឡើងថា កាលពីលោកធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានឱកាសជួបជាមួយមេដឹកនាំកំពូលៗនោះឡើយ។
លោក អេនឌ្រូ បានសម្ដែងនូវការអបអរសាទរ និងសរសើរចំពោះកម្ពុជា, ដោយលោកបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ក្នុងការផ្ដល់សច្ចាប័នទាក់ទងទៅនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលនេះគឺជាចំណុចដ៏ល្អប្រសើរមួយដែលកម្ពុជាបានធ្វើហើយមានការកោតសរសើរពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
លោកបានលើកឡើងថា «លោកក៏បានតាមដានដែរអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយលោកគ្រោងនឹងទៅជួបជនភៀសសឹកកម្ពុជា ដែលទទួលការលំបាកកើតចេញពីសង្គ្រាមរវាងកម្ពុជា និងថៃ។ លោកបន្តថា លោកចង់ទៅឃើញនូវទិដ្ឋភាពជាក់ស្ដែង និងផលលំបាករបស់ជនភៀសសឹកថាតើស្ថានភាពនៅពេលនោះជួបការលំបាកយ៉ាងដូចម្ដេចខ្លះ។ លោក អេនឌ្រូ បានលើកឡើងដែរថា ស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា ចំពោះចំណុចខ្វះខាតមួយចំនួនដូចជាសិទ្ធិនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អេនឌ្រូ អំពីចំណុចខ្វះខាតរបស់កម្ពុជាពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ, សម្ដេចតេជោ បានលើកលើងថា «នៅពេលដែលគេនិយាយអំពីសិទ្ធិមនុស្ស គេត្រូវនិយាយអំពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន» ដែលជាការផ្ដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះសិទ្ធិមញ្ចេញមតិអាចកើតមានទៅបាន គឺអាស្រ័យទៅលើសិទ្ធិរស់រានមានជីវិត ហើយមានសន្ដិភាព ស្ថិរភាពជាដើមទើបមានសិទ្ធិនៃការបញ្ចេញមតិ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានលើកឡើងថា ការបញ្ចេញមតិទាំងឡាយរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឬក៏តាំងពីជំនាន់សម្ដេចតេជោនៅធ្វើជានាយករដ្ឋមន្រ្ដី គឺបានបើកសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬការអនុវត្តសិទ្ធិមនុស្សដែរ ក៏ប៉ុន្ដែការអនុវត្តសិទ្ធិបញ្ចេញមតិនោះ គឺត្រូវតែឋិតនៅក្រោមក្របខណ្ឌច្បាប់ជាពិសេសគឺរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្ដង។ សម្ដេចតេជោ បើកសិទ្ធិក្នុងាកររិះគន់ដើម្បីស្ថាបនា ក៏ប៉ុន្ដែបើការបញ្ចេញមតិបានប្រាសចាកពីច្បាប់ ពីរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះមិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ។
យ៉ាងណាក៏ដោយសម្ដេចតេជោ បានលើកឡើងដែរថា ច្បាស់ណាស់ប្រទេសណាក៏ដោយនៅលើសកលលោក ការអនុវត្តប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិដែលជាការលើកឡើងនោះ គ្មានប្រទេសណាមួយដែលអនុវត្តបានល្អឥតខ្ចោះទេ គឺតែងតែមានចំណុចខ្វះខាត ក៏ប៉ុន្ដែការខ្វះខាតនោះត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។ សម្ដេចតេជោ សង្ឃឹមថា លោក អេនឌ្រូ នឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ក្នុងការធ្វើយ៉ាងណាធ្វើឱ្យវឌ្ឍនភាពអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកាន់តែល្អ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣