ព័ត៌មាន
កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋទាំងសងខាង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ ក្នុងការពង្រឹងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនពលរដ្ឋនៃប្រទេសទាំងពីរ។
ផ្តើមជំនួបពិភាក្សាការងារ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជិន ថាញ់មិន បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកទី២ និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ សម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈនៅពេលសម្តេចបានចូលដឹកនាំរដ្ឋសភា កាលពីដើមនីតិកាលទី៧ ។
សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កិច្ចសហការយ៉ាងល្អនិងជាប្រពៃណី នៃរដ្ឋសភាប្រទេសទាំងពីរ ជាសក្ខីភាពបង្ហាញពីស្មារតី «សាមគ្គីភាពបង្កើតជាកម្លាំង កិច្ចសហប្រតិបត្តិការបង្កើតបានជាផលប្រយោជន៍ និងការសន្ទនាដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ» ស្របតាមផែនការកុងសង់សុសកម្រិតខ្ពស់សម្រាប់ឆ្នាំ២០២៦ ដើម្បីប្រែក្លាយទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ឱ្យទៅជាលទ្ធផលជាក់ស្តែង សំដៅនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ជិន ថាញ់មិន ក្នុងនាមរដ្ឋសភា និងប្រជាជនវៀតណាម បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ពិតជាឆ្លុះបញ្ចាំងនូវទំនុកចិត្តជ្រាលជ្រៅលើផ្នែកនយោបាយប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តមធ្លាប់បានអញ្ជើញទស្សនកិច្ចជាច្រើនលើកនៅព្រះរាជាណាចក្រកម្ពុជា ហើយបានសង្កេតឃើញនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា។
ជាមួយការអបអរសាទរការរីកចម្រើនរបស់កម្ពុជា ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ឈានឆ្ពោះសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ មានប្រសិទ្ធភាពខ្ពស់ ចំពោះប្រជាពលរដ្ឋនិងប្រទេសជាតិទំាងកម្រិតជាតិនិងអន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលបានចេញជាផ្លែផ្កាជាក់ស្តែងផ្តល់ឧត្តមប្រយោជន៍ដល់ពលរដ្ឋទាំងសងខាង។ ទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ ឈរលើភាពស្មោះត្រង់ គោរពជឿជាក់លើគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ពលរដ្ឋទាំងពីរតែប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងភាពសុខដុម នៃតំបន់និងសកលលោកផងដែរ។ ដំណើរទស្សនកិច្ចនាពេលនេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំ និងស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋសភានៃប្រទេសទាំងពីរ ក្នុងការជំរុញអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២២ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រកបដោយលទ្ធផលផ្លែផ្កា ដោយ «យកប្រជាជនជាស្នូល»។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើសុំភាគីវៀតណាម ពិនិត្យលទ្ធភាពក្នុងការកែសម្រួល និងចុះហត្ថលេខាជាថ្មីលើអនុស្សរណៈនៃការយោគយល់នៃរដ្ឋសភាប្រទេសទាំងពីរ ឆ្លើយតបបរិបទបច្ចុប្បន្ន និងជាតម្រូវការពលរដ្ឋជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចក៏បានស្នើសុំភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងរដ្ឋសភាប្រទេសទាំងពីរផងដែរ។ សំណើនេះ បានទទួលការឯកភាពពីឯកឧត្តមប្រធានរដ្ឋសភា នឹងបានស្នើឱ្យគណៈកម្មការជំនាញរដ្ឋសភាប្រទេសទំាងពីរសិក្សា ធ្វើវិសោធនកម្មអនុស្សរណៈនោះដើម្បីរៀបចំពិធីចុះហត្ថលេខានាពេលអនាគត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការអបអរសាទរដោយផ្ទាល់សារជាថ្មីម្តងទៀត និងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាវៀតណាមក្នុងនីតិកាលទី១៦ បានសម្រេចផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំង ឯកឧត្តម ជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី១៦ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងនៃការកែទម្រង់នាពេលថ្មីៗនេះ ក៏ដូចជាតួនាទីលេចធ្លោរបស់វៀតណាមនៅលើឆាកអន្តរជាតិ ដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងនឹងអាចក្លាយជាមហាអំណាចកណ្តាលមួយ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀត។ កម្ពុជាមានជំនឿមុតមាំថាក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសវៀតណាមនឹងសម្រេចបាននូវចក្ខវិស័យ១០០ ឆ្នាំ នា ឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់ និងវិបុលភាពជាក់ជាមិនខានឡើយ។
សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម ជិន ថាញ់មិន បានចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាលនិងស្មោះត្រង់។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការទូតសភាដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានានូវសង្គតភាព និងភាពបត់បែន ដើម្បីជម្នះព្យុះភ្លៀង នៃភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចតំបន់ និងសកល ដែលមានការវិវឌ្ឍប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាពសកល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោក តាមរយៈវប្បធម៌សន្ទនាផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន។
រដ្ឋសភាប្រទេសទំាងពីរឯកភាពគ្នានៅក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់កម្រិតទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី មានដូចជាក្នុងក្របខ័ណ្ឌក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាប្រទេសទំាងពីរបន្តគំាទ្រគ្នានៅវេទិកាអន្តរសភាឱ្យកាន់តែសកម្មបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ វៀតណាមសន្យាក្នុងការចូលរួមគាំទ្រដល់ការទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជានាចុងឆ្នាំនេះ ឱ្យសម្រេចបានជោគជ័យ។
សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងប្រែឧបសគ្គពីខាងក្រៅ ដូចជាជម្លោះព្រំដែនពីការឈ្លានពានរបស់ប្រទេសជិតខាង ក៏ដូចជាវិបត្តិសកលនោះ កម្ពុជាកំពុងកសាងភាពធន់ជាតិ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីឈានឆ្ពោះទៅការសម្រេចគោលដៅរបស់ខ្លួន។ នៅឆ្នាំ២០២៦ នេះ កម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៥,៥%។ សម្តេចបានស្នើសុំឱ្យភាគីវៀតណាមជំរុញអ្នកវិនិយោគនិងអ្នកទេសចរទៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង ជាមួយគ្នានេះ សម្តេចក៏បានស្នើសុំរដ្ឋសភាវៀតណាមគាំទ្រលើការធ្វើទំនើបកម្មរដ្ឋសភាកម្ពុជា ជាសភាឌីជីថលផងដែរ។
សម្តេចបានអរគុណរដ្ឋសភាវៀតណាម ដែលជួយសាងសង់អគាររដ្ឋបាលថ្មីជូនរដ្ឋសភា ដែលបច្ចុប្បន្ននេះ អគាររដ្ឋបាលថ្មីនោះបានដើរតួនាទីយ៉ាងសំខាន់ ជាកន្លែងមន្ត្រីបម្រើការងារប្រចាំថ្ងៃ និងរៀបចំកិច្ចប្រជុំសិក្ខាសាលាទាំងកម្រិតជាតិនិងអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រ និងបន្តខិតខំប្រឹងប្រែងបំពេញនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធនឹងសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មសាយប័រ។ សភាកម្ពុជាបានអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ទន្ទឹមពេលដែលកម្ពុជាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញយ៉ាងសកម្មបំផុត។
ជាចុងបញ្ចប់ ឯកឧត្តម ជិន ថាញ់មិន បានបញ្ជាក់ថា ភាគីវៀតណាមគោរពនិងឱ្យតម្លៃខ្ពស់បំផុតលើទំនាក់ទំនងជាមួយកម្ពុជា ដោយចាត់ទុកថា ជាទំនាក់ទំនងដ៏ពិសេស។ រដ្ឋសភាវៀតណាម នឹងប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវរាល់គោលការណ៍ និងកិច្ចព្រមព្រៀងនានា ដែលបក្សនិងរដ្ឋប្រទេសទាំងពីរ បានឯកភាពគ្នា រួមមានការងារការទូត ការទូតសភា ការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ អប់រំ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីពង្រឹងភាពជាដៃគូ ការបំពេញបន្ថែម និងវិបុលភាពរួម៕










-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន