Connect with us

ព័ត៌មាន

ក្រសួងការងារ ចែករំលែកបទពិសោធពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជាមួយគណៈប្រតិភូនៃប្រទេសទីម័រឡេស្តេ

(ភ្នំពេញ)៖ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ទទួ​ល​ជួប​ពិភាក្សា​និង​ចែក​រំលែក​បទ​ពិសោធ​ការ​ងារ​ជា​មួយ​ប្រតិភូ​នៃ​កម្ម​វិធី​ភាព​ជា​អ្នក​ដឹក​នាំអាស៊ានសម្រាប់យុវជន និងអនាគតអ្នកដឹកនាំ (Futuru Líder ba ASEAN-FLBA) រប​ស់​ទីម័រឡេស្តេ ដឹកនាំដោយលោក Avelino Fernandes Ximenes Pereira លេខាទី១ នៃ​ស្ថាន​ទូត​ទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោកជំទាវ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃកម្មវិធី FLBA របស់​ទីម័រឡេស្តេ និងបានលើកឡើងពីសារៈសំខាន់នៃជំនួបនាពេលនេះថា ជាឱកាស​ដ៏​មាន​តម្លៃ​ស​ម្រាប់ផ្លាស់ប្តូរបទពិសោធក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជំនាញ ការ​អភិវឌ្ឍ​គោល​នយោបាយ​ការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផែនការ​អភិវឌ្ឍន៍​សំខាន់​ៗ ​ព្រមទាំងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ទីម័រឡេស្តេ​។

លោកជំទាវបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធន​ធានមនុស្ស ជាពិសេសសម្រាប់យុវជន ដោយបាននិងកំពុងបន្តពង្រឹងប្រព័ន្ធ TVET របស់​ខ្លួន​តាម​រយៈ​ផែនការយុទ្ធសាស្ត្រជាតិ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ការវិនិយោគ​លើ​បច្ចេក​វិទ្យា​ទំនើប ការបណ្តុះបណ្តាលជាក់ស្តែង និងសេវាកម្មព័ត៌មានទីផ្សារការងារ ដើម្បី​បំពាក់​ដល់​សិស្សានុសិស្សនូវជំនាញទៅតាមតម្រូវការទីផ្សារកម្លាំងពលកម្ម។

ទន្ទឹមនេះ លោកជំទាវក៏បាន​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គម្លាត​ជំនាញ​តាម​រយៈការរៀនសូត្រផ្អែកលើការងារ (Work-based Learning) ការអប់រំតាម​ប្រព័ន្ធ​ឆ្លាស់ ​(Dual Learning) ការទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធី​បណ្តុះ​បណ្តាល​ចល័ត​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីអគ្គនាយកដ្ឋាន TVET ក៏បានចែករំលែក​អំពី​ការ​សិក្សា​ពី​ការ​អនុវត្តប្រព័ន្ធ TVET របស់ប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសដ​ទៃ​ទៀត​ដូច​ជា​ប្រទេស​ស្វ៊ីស ហើយយកមកអនុវត្តស្របតាមតថភាពជាក់ស្ដែងរបស់កម្ពុជាផងដែរ។ ថ្នាក់ដឹកនាំតំណាងពីបេឡាជាតិសន្តិសុខសង្គម ក៏បានជម្រាប​ជូន​អំពី​ការ​បន្ត​ពង្រីក​កម្ម​វិធី​សន្តិសុខ​សង្គម និងជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិ​យោជិត​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ព្រមទាំងកម្មវិធីជំនួយសង្គម ជាពិសេស​សម្រាប់​បង​ប្អូន​កម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។

នាឱកាសនោះ ប្រតិភូនៃ FLBA របស់ទីម័រឡេស្តេ បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិស័យ TVET របស់កម្ពុជា រួមមានកម្មវិធីសិក្សានានារបស់ TVET និងភាព​ជាដៃគូ​ដ៏​ជិត​ស្និទ្ធ​រវាង​ស្ថាប័​ន​រដ្ឋ ​និងឯកជន ក៏ដូចជាការស្នើសុំផ្លាស់ប្តូរបទពិសោធ និងការត្រៀម​លក្ខណៈ​ដល់​ប្រទេស​ទីម័រ​ឡេស្តេ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចនៃប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៩ ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា ទីម័រឡេស្តេ រៀបចំកម្មវិធី FLBA ដើម្បី​អភិវឌ្ឍ​យុវជន​ជំនាន់​ក្រោយ​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​អ្នកដឹកនាំសម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន តាមរយៈវគ្គ​បណ្តុះ​បណ្តាល​ភាព​ជា​អ្នក​ដឹក​នាំរយៈពេល ១២ខែ និងទស្សនកិច្ចសិក្សារយៈពេល ១០ថ្ងៃនៅបណ្តាប្រទេស​សមាជិក​អាស៊ាន​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia