ព័ត៌មាន
ទោះប្រឈមភាពមិនប្រាកដប្រជាសកល និងការឈ្លានពានពីថៃ កម្ពុជានៅតែទាក់ទាញ FDI កើន ១៨%
ភ្នំពេញ៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា និងកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃក៏ដោយ ក៏លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជានៅតែរក្សាបានកំណើនជាង ១៨% ដោយមានទំហំទឹកប្រាក់សរុប ២.៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។
របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ បានបញ្ជាក់ថា បើទោះជា សេដ្ឋកិច្ចពិភពលោកបានប្រឈមនឹងភាពមិនច្បាស់លាស់ដោយកត្តាភូមិសាស្រ្តនិយោបាយ និងការឈ្លានពានរបស់ថៃ ក៏លំហូរចូលវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កម្ពុជាសម្រេចបាន ២.៦ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើន FDI នេះ ត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ដែលកើនឡើង ១១០.៩% បើធៀបនឹងឆមាសទី១ ឆ្នាំមុន ខណៈដែលការវិនិយោគក្នុងវិស័យមិនមែនហិរញ្ញវត្ថុក៏បានកើនឡើង ៨.៩% ផងដែរ។
របាយការណ៍បន្តថា នៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ដែលរួមមាន ការវិនិយោគក្នុងវិស័យកម្មន្តសាល (ផលិតកម្ម) បានកើនឡើង ១៤%, វិស័យថាមពលកើនឡើង ២៣%, និងវិស័យសំណង់កើនឡើង ០.១%។ទិន្នន័យទាំងនេះបង្ហាញថា វិស័យផលិតកម្ម ថាមពល និងសំណង់ នៅតែជាវិស័យសំខាន់ដែលរួមចំណែកដល់កំណើននៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាម៉េរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក» កាលពីថ្ងៃទី ២៧ កក្កដា ថា មិនមែនត្រឹមតែអត្រាពន្ធគយមួយផ្នែកនោះទេ ដែលធ្វើឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគមកបោះទុនវិនិយោគនៅកម្ពុជា ពោលគឺអ្នកវិនិយោគត្រូវពិនិត្យលើកត្តាផ្សេងៗទៀត ដូចជា សុខសន្តិភាពនិងស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កត្តាកម្លាំងពលកម្មវ័យក្មេង ព្រមទាំងភាពរីកចម្រើននៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដែលគាំទ្រដល់ការវិនិយោគ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ដើម្បីបង្កើនភាពទាក់ទាញលំហូរវិនិយោគពីបរទេសបន្ថែមទៀតគឺប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យធ្វើការកែទម្រង់នីតិវិធីស្មុកស្មាញនៃការចុះបញ្ជីវិនិយោគឱ្យនៅកម្រិតទាបបំផុត។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច សង្កេតឃើញថា ទោះស្ថិតក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលមានការប្រកួតប្រជែងខ្លាំង កម្ពុជាបានបន្តទាក់ទាញការវិនិយោគពីបរទេសតាមរយៈការកែលម្អបរិយាកាសវិនិយោគ និងការអនុវត្តគោលនយោបាយលើកទឹកចិត្តដល់វិនិយោគិនរបស់រាជរដ្ឋាភិបាល។ លោកថា លំហូរ FDI គឺជាកត្តាសំខាន់មួយដែលជួយជំរុញកំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យា, និងការអភិវឌ្ឍវិស័យផលិតកម្ម និងសេវាកម្ម នៅកម្ពុជាឱ្យកាន់រីកចម្រើនជាលំដាប់។
សូមបញ្ជាកថា ក្នុងឆ្នាំ២០២៥ លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាសម្រេចបានចំនួន ៥.២ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨.២% បើធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិននៅតែបន្តនាំមុខគេក្នុងការវិនិយោគនៅកម្ពុជាមានចំណែក ៧៣% នៃលំហូរវិនិយោគផ្ទាល់ពីបរទេសសរុប។ បន្ទាប់មកសិង្ហបុរី ៧%, សាធារណរដ្ឋកូរ៉េ ៤%, កាណាដា ៤%, ម៉ាឡេស៊ី ៣% និងផ្សេងៗ ៩%។នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)៕ អត្ថបទ៖ ធូ វិរៈ
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ