Connect with us

ព័ត៌មាន

មន្ត្រីឧទ្យានុរក្ស៖ អ្នកដែលបានលះបង់ ដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា

ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេសកម្ពុជា ត្រូវបំពេញបេសកកម្មការងារល្បាតនៅក្នុងព្រៃ ដែលអាចប្រឈមមុខនឹងជនល្មើសប្រដាប់អាវុធ ភូមិសាស្ត្រលំបាកៗ និងការឃ្លាតឆ្ងាយពីក្រុមគ្រួសាររាប់សប្ដាហ៍ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់។

ក្នុងឱកាសនៃ ទិវាឧទ្យាអនុរក្សពិភពលោក ៣១ កក្កដា ប្រទេសកម្ពុជា បានចូលអបអរសាទរ និងផ្តល់ជាកិត្តិយសដល់វីរបុរសជួរមុខទាំងនេះ ដែលបានលះបង់ដោយភាពក្លាហាន ការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និទ្ធ ដើម្បីការពារព្រៃឈើ និងជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសសម្រាប់មនុស្សជំនាន់ក្រោយ។

នៅពីក្រោយព្រៃឈើ និងសត្វព្រៃ ដែលត្រូវបានការពារ លោក រ៉េត ភារុន ដែលជាមន្ត្រីឧទ្យាអនុរក្សនៃដែនជម្រកសត្វព្រៃស្រែពក បានបង្ហាញពី ការងារអភិរក្សដែលតែងតែភ្ជាប់ជាមួយនឹងការលះបង់ផ្ទាល់ខ្លួនរបស់លោក។ លោក ភារុណ បានរៀបរាប់ថា ការល្បាតក្នុងព្រៃម្តងៗ មានរយៈពេលពី ២០ ទៅ ២៥ ថ្ងៃ ដែលធ្វើឱ្យលោកត្រូវឃ្លាតឆ្ងាយពីភរិយា និងកូនៗជាច្រើនសប្ដាហ៍។ នៅក្នុងព្រៃជ្រៅៗ និងដាច់ស្រយាល សេវាទូរស័ព្ទមានតិចតួចណាស់ ឬគ្មានតែម្តង។ រាល់ពេលដែលមានសេវាទូរស័ព្ទ លោកតែងតែទូរស័ព្ទទៅផ្ទះ ហើយការបានឮសំឡេងក្រុមគ្រួសារ គឺជាកម្លាំងចិត្តធ្វើឱ្យលោកបន្តការប្តេជ្ញា។

លោក រ៉េត ភារុណ បាននិយាយថា៖ «រាល់ពេលដែលខ្ញុំត្រឡប់មកផ្ទះ កូនខ្ញុំតែងតែរត់មកឱបខ្ញុំ ហើយពាក្យដំបូងដែលខ្ញុំឮគឺ “អាប៉ាៗ មកដល់ផ្ទះហើយ!”»។ ទោះបីជាត្រូវឃ្លាតឆ្ងាយពីគ្រួសារយូរយ៉ាងណាក៏ដោយ លោក ភារុណ បានលើកឡើងថា ការលើកទឹកចិត្តពីក្រុមគ្រួសារ គឺជាកម្លាំងដែលជំរុញឱ្យលោកបន្តបំពេញបេសកកម្ម។ លោក ភារុណ បានមានប្រសាសន៍បន្តថា៖ «អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុតនោះ គឺការមើលឃើញថាព្រៃឈើនៅតែគង់វង្ស ដោយសារការអនុវត្តច្បាប់របស់យើង។ នៅពេលយើងការពារព្រៃឈើ សត្វព្រៃអាចរស់រានមានជីវិត ហើយជីវៈចម្រុះក៏បន្តរីកចម្រើនដែរ»។

ការអភិរក្សមិនអាចសម្រេចទៅបានដោយសារតែមន្ត្រីឧទ្យានុរក្សតែម្នាក់ឯងនោះទេ។ សម្រាប់លោក ប៊ុន ស្រស់ វិញដែលជាភ្នាក់ងារល្បាតសហគមន៍ នៅដែនជម្រកសត្វព្រៃស្រែពកដែរនោះ ក៏បានលើកឡើងថា ការការពារព្រៃឈើ និងសត្វព្រៃ គឺជាការការពារអនាគតរបស់សហគមន៍របស់លោកផងដែរ។ កន្លងមកបន្ទាប់ពីបានមើលឃើញនូវសកម្មភាពនៃការកាប់ឈើខុសច្បាប់ និងការទន្ទ្រានកាន់កាប់ដីព្រៃ ដែលបានបំផ្លាញធនធានធម្មជាតិជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ លោកក៏បានសម្រេចចិត្តចូលរួមជាមួយ ក្រុមភ្នាក់ងារល្បាតសហគមន៍។ សព្វថ្ងៃ លោកធ្វើការសហការជាមួយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ។

លោក ប៊ុន ស្រស់ បាននិយាយថា៖ «រាល់ពេលជួបប្រទះសកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ក្នុងពេលល្បាត ខ្ញុំក៏មានអារម្មណ៍ភ័យខ្លាចដែរ ប៉ុន្តែទោះបីមានហានិភ័យយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្ត ព្រោះខ្ញុំមិនចង់ឃើញសត្វព្រៃរបស់យើងបាត់បង់ទៅឡើយ»។

ភ្នាក់ងារល្បាតសហគមន៍ តែងតែចូលរូម និងគាំទ្រមន្ត្រីឧទ្យាអនុរក្ស ក្នុងការដោះអន្ទាក់ តាមដានសកម្មភាពខុសច្បាប់ និងការពារសត្វព្រៃនៅតាមតំបន់ការពារនានាទូទាំងប្រទេសកម្ពុជា។ លោក ប៊ុន ស្រស់ បានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា ភ្នាក់ងារល្បាតសហគមន៍ថ្មីៗគ្រប់រូបសុទ្ធតែអាចចូលរួមក្នុងការងារអភិរក្ស ហើយប្រសិនបើមានប្រជាពលរដ្ឋយើងចូលរួមកាន់តែច្រើន នោះយើងនឹងអាចការពារព្រៃឈើ សត្វព្រៃ និងអនាគតសហគមន៍របស់យើងបានកាន់តែប្រសើរ»។

ទោះបីជាមានកិច្ចសហការយ៉ាងរឹងមាំក៏ដោយ ការងាររបស់មន្ត្រីឧទ្យានុរក្សនៅតែប្រឈមនឹងហានិភ័យខ្ពស់។ ជាក់ស្តែង លោក ប៊ុត សូលីន បានចែករំលែកថា យើងតែងតែប្រឈមមុខនឹងជនល្មើសដែលប្រដាប់ដោយអាវុធ អន្ទាក់សត្វព្រៃជាច្រើនប្រភេទ ការទន្ទ្រានដីព្រៃ និងបញ្ហាស្ថានភាពអូរ-ស្ទឹងដែលប្រែប្រួលយ៉ាងឆាប់រហ័សក្នុងរដូវវស្សា។ ទោះមានបញ្ហាប្រឈមទៅនឹងបញ្ហាទាំងនេះក៏ដោយ លោក សូលីន មិនដែលគិតបោះបង់ការងារនេះឡើយ។ លោកបាននិយាយថា៖ «ការមើលឃើញព្រៃឈើដែលនៅតែមានសុខភាពល្អ សត្វព្រៃរស់នៅក្នុងជម្រកធម្មជាតិរបស់ពួកវា និងប្រព័ន្ធអេកូឡូស៊ីនៅតែមានតុល្យភាព នោះគឺជាហេតុផលដែលខ្ញុំយល់ថាការងារនេះពិតជាមានសារៈសំខាន់ណាស់។ ធនធានធម្មជាតិ គឺជាមូលដ្ឋានដែលទ្រទ្រង់ជីវិតទាំងអស់ ហើយនៅពេលយើងការពារវាបាន យើងក៏កំពុងការពារអនាគតរបស់យើងផងដែរ»។

ការលះបង់ និងការប្តេជ្ញាចិត្តរបស់មន្ត្រីឧទ្យានុរក្ស និងក្រុមភ្នាក់ងារល្បាតសហគមន៍ គឺជាកត្តាសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិរក្សរបស់កម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «មន្ត្រីឧទ្យានុរក្ស គឺជាអ្នកការពារជួរមុខនៃតំបន់ការពាររបស់កម្ពុជា។ រួមជាមួយសហគមន៍ អាជ្ញាធរ និងដៃគូពាក់ព័ន្ធ ពួកគាត់កំពុងដើរតួនាទីដែលមិនអាចខ្វះបានក្នុងការការពារព្រៃឈើ អភិរក្សសត្វព្រៃ និងថែរក្សាបេតិកភណ្ឌធម្មជាតិរបស់យើង»។

ការទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់របស់មន្ត្រីឧទ្យានុរក្ស មិនមែនតែទៅលើការងាររបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសហការល្អក៏បានរូមចំណែកធ្វើឱ្យការអភិរក្សអាចសម្រេចទៅបានផងដែរ។ លោក ជេណេស អ៊ីម៉ាញូអែល ហ្គីនធីង (Janes Imanuel Ginting) នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា៖ «មន្ត្រីឧទ្យានុរក្សគ្រប់រូប សុទ្ធតែមានរឿងរ៉ាវជាច្រើនដែលបង្ហាញពីភាពក្លាហាន ការលះបង់ និងការប្តេជ្ញាចិត្ត។ ការខិតខំរបស់ពួកគាត់ រួមជាមួយការគាំទ្រពីសហគមន៍មូលដ្ឋាន និងដៃគូរាជរដ្ឋាភិបាល បង្ហាញថា ការអភិរក្សប្រកបដោយចីរភាព អាចសម្រេចបានលុះត្រាតែមានការធ្វើការរួមគ្នា។ ក្នុងឱកាសទិវាឧទ្យានុរក្សពិភពលោកនេះ យើងសូមថ្លែងអំណរគុណ និងផ្តល់កិត្តិយសដល់អ្នកទាំងអស់ដែលកំពុងឈរនៅជួរមុខ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងអនាគតរួមរបស់យើង»។

ខណៈដែលប្រទេសកម្ពុជា ប្រារព្ធទិវាឧទ្យានុរក្សពិភពលោក រឿងរ៉ាវជាច្រើនរបស់គាត់ បានរំលឹកយើងថា ការងារល្បាតនីមួយៗ មិនមែនគ្រាន់តែជាបេសកកម្មអនុវត្តច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែជាការងារអភិរក្សដ៏មានសារៈសំខាន់សម្រាប់ព្រៃឈើដែលមានសុខភាពល្អ សត្វព្រៃដែលអាចបន្តរស់រានមានជីវិត សហគមន៍ដែលមានភាពធន់ និងអនាគតប្រកបដោយចីរភាព។ មន្ត្រីឧទ្យានុរក្សគ្រប់រូបសុទ្ធតែមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍រាប់មិនអស់ ហើយរឿងរ៉ាវទាំងនោះក៏កំពុងរួមគ្នាបង្កើតអនាគតថ្មីសម្រាប់ការអភិរក្សនៅកម្ពុជាផងដែរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia