ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតដល់សាធារណជន។
ការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់មកពីមន្ទីរព័ត៌មាន២៥ រាជធានី-ខេត្ត។
ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យប្រកាសជាផ្លូវការដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន អំពីដំណើរការនៃគេហទំព័ររបស់មន្ទីរព័ត៌មានខ្លួនដែលបានដាក់ឱ្យដំណើរការរយៈពេលពីរខែហើយ។ ការណ៍នេះធ្វើឡើងដើម្បីឱ្យពួកគាត់ទទួលបានប្រភពព័ត៌មាន និងដំណឹងផ្លូវការច្បាស់លាស់ស្តីពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត សមិទ្ធការងារក្នុងមូលដ្ឋាន ព្រមទាំងការឆ្លើយតបនានាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋក្នុងសហគមន៍មូលដ្ឋានរៀងៗខ្លួន ខណៈត្រឹមតែរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ បានផ្សព្វផ្សាយព័ត៌មាន ដែលបញ្ជ្រាបខ្លឹមសារ និងទិដ្ឋភាពខាងលើ សរុបជាង ៧ ០០០ អត្ថបទរួចហើយ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា គេហទំព័ររបស់មន្ទីរព័ត៌មាន គឺជាប្រភពផ្លូវការដែលរក្សាទុកទិន្ន័យ អត្ថបទព័ត៌មាន រូបភាព ឬវីដេអូដែលបានផ្សាយរួចបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ងាយស្រួលស្វែងរកពេលចាំបាច់ ដោយមិនពិបាកស្វែងរក ឬមានហានិភ័យនៃការបាត់បង់ដូចបណ្តាញសង្គមផ្សេងៗឡើយ។
ឯកឧត្តមបានបន្ថែមថា ដើម្បីឱ្យគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទទួលបានការគាំទ្រកាន់តែច្រើនពីគ្រប់មជ្ឈដ្ឋាន មន្ត្រីព័ត៌មានត្រូវរៀបចំផែនការ និងកិច្ចប្រជុំជារៀងរាល់សប្តាហ៍ ដើម្បីកំណត់ប្រធានបទដែលពាក់ព័ន្ធនឹងតម្រូវការ និងការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាផ្សេងៗ ដោយមិនត្រូវទុកឱ្យបញ្ហាមួយចំនួនផ្ទុះឡើង និងបង្កជាបាតុភាពអវិជ្ជមានក្នុងមូលដ្ឋានឡើយ ពោលគឺត្រូវផលិតមាតិកាព័ត៌មាន និងផ្សព្វផ្សាយឱ្យបានលក្ខណៈបែបបុរេសកម្ម ទើបធ្វើឱ្យការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ។
ជាមួយគ្នានេះ មន្ទីរព័ត៌មានត្រូវផលិតព័ត៌មានផ្ទាល់ខ្លួនឱ្យបានច្រើន និងផ្តោតលើគុណភាព តាមរយៈការសម្ភាសន៍មន្ត្រីជំនាញក្នុងខេត្តលើប្រធានបទវិស័យអាទិភាព ពាក់ព័ន្ធនឹងវិស័យកសិកម្ម តម្លៃកសិផល សុខាភិបាល ទេសចរណ៍ ការទទួលបានការងាររបស់បងប្អូនពលករ និងបញ្ហាដីធ្លីជាដើម។ ក្រៅពីនេះ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានជាប្រចាំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនីមួយៗលើការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។
រាល់មាតិកាព័ត៌មានត្រូវយកទៅផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់មន្ទីរ និងចែករំលែកបន្តតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Telegram, TikTok ខណៈត្រូវពង្រឹងការផ្សាយផងដែរតាមប្រព័ន្ធផ្សព្វផ្សាយបែបបុរាណមានវិទ្យុ និងទូរទស្សន៍របស់មន្ទីរព័ត៌មាន ដើម្បីជំរុញប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយថែមទៀត។
ក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញបានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការកែសម្រួលគេហទំព័រព័ត៌មានរបស់មន្ទីរព័ត៌មានជូនអ្នកចូលរួមបានជ្រាប និងយកទៅអនុវត្តឱ្យទទួលបានជោគជ័យ។ ក្នុងនោះដែរ អង្គប្រជុំបានធ្វើការពិភាក្សា និងសួរ/ឆ្លើយយ៉ាងផុលផុស ក្នុងគោលបំណងជំរុញការផ្សាយព័ត៌មានតាមគេហទំព័រនេះឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាច្រកចេញចូលព័ត៌មានផ្លូវការសម្រាប់រាជធានី-ខេត្តនីមួយៗ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលមានឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ជាប្រធាន។
ការបង្កើតក្រុមការងារនេះមានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដានៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផល និងសកម្មភាពអភិវឌ្ឍន៍នានា នៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។
ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដែលបានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕







-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ