ព័ត៌មាន
អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ បានជូនដំណឹងដល់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ទាំងអស់ ត្រូវពាក់ស្លាកលេខរត់ ឬ Race Bib Number ដែលគណៈកម្មការបានផ្ដល់ជូន តាមរយៈការចុះឈ្មោះ ដើម្បីងាយស្រួលដល់ការត្រួតពិនិត្យរបស់ក្រុមរក្សាសន្ដិសុខ ខណៈអ្នកគ្មានស្លាកលេខរត់ មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងនោះទេ។

ការជូនដំណឹងនេះ ស្របពេលគណៈកម្មាធិការជាំតិអូឡាំពិកកម្ពុជា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងមានកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ នឹងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ដែលគ្រោងនឹងមានអត្តពលិកយ៉ាងហោច ៦,៥០០នាក់ មកពី ៥១ប្រទេសចូលរួម។
ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា កីឡាករ-កីឡាការិនីទាំងអស់ ត្រូវពាក់ស្លាកលេខរត់ ដែលគណៈកម្មការរៀបចំព្រឹត្តិការណ៍បានផ្ដល់ជូន ព្រោះក្រុមរក្សាសន្ដិសុខ នឹងធ្វើការត្រួតពិនិត្យ ហើយមិនអនុញ្ញាតឲ្យអ្នកដែលគ្មានស្លាកលេខរត់ប្រណាំងចូលទៅក្នុងបរិវេណរត់ប្រណាំង ដែលស្ថិតនៅមុខប្រាសាទអង្គរវត្ត និងនៅតាមតម្រាយផ្លូវរត់ឡើយ។ បន្ថែមលើនេះ រាល់ពេលមានបញ្ហាសុខភាព ដែលពុំអាចបន្ដការរត់ប្រណាំងបាន កីឡាករ-កីឡាការិនីអាចឈប់តាមផ្លូវ និងទាក់ទងក្រុមកង់ ត្រួតពិនិត្យស្ថានភាពតាមផ្លូវការ ដើម្បីផ្ដល់ព័ត៌មានទៅរថយន្ដសង្គ្រោះប្រចាំការតាមផ្លូវរត់ប្រណាំងផងដែរ។
លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង បានឲ្យដឹងថា គណៈកម្មការបានត្រៀមលក្ខណៈរួចរាល់ ក្រោមកិច្ចសហការដ៏ល្អជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំឲ្យកាន់តែល្អប្រសើរ ពិសេសធានាឲ្យបាននូវសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អតាមតម្រាយផ្លូវជូនដល់អត្តពលិកជាតិ-អន្ដរជាតិ ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាមួយគ្នាលោកក៏សុំការយោគយល់ និងអធ្យាស្រ័យសម្រាប់អ្នកមិនបានចុះឈ្មោះ ឬគ្មានស្លាកលេខរត់ សង្ឃឹមថានឹងសហការជាមួយគណៈកម្មការ ដើម្បីធានានូវការគ្រប់គ្រង និងភាពរលូននៃការរៀបចំឲ្យទទួលបានជោគជ័យផងដែរ។
គួរដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ មាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងការរត់កម្សាន្ដលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ហើយគណៈកម្មការរៀបចំក៏បានត្រៀមមេដាយអនុស្សាវរីយ៍រួចរាល់ សម្រាប់ផ្ដល់ជូនអត្តពលិកទាំងជាង ៦,៥០០នាក់ ដែលបានចូលរួម និងរត់ដល់ទី ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងរដូវកាលបៃតងដ៏ធំប្រចាំឆ្នាំលើទឹកដីអង្គរនាចុងសប្ដាហ៍នេះ៕ អត្ថបទលី ឈុនឡា

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣