ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញលើកកម្ពស់ការដឹកនាំ និងអភិវឌ្ឍគ្រឹះស្ថាន TVET ឱ្យកាន់តែទំនើប និងគុណភាពខ្ពស់ក្នុងការបណ្តុះបណ្តាល ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ជិន តារ៉ា ជានាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងនាយក នាយករងមកពីគ្រឹះស្ថានធីវេតទាំង៣៧ ក្រោមឱវាទក្រសួងផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ជិន តារ៉ា និងឯកឧត្តម តាន់ កុសល ដែលទទួលបានការជឿទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តដឹកនាំ កែទម្រង់ឱ្យវិទ្យាស្ថានទាំងពីរកាន់តែមានការអភិវឌ្ឍរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម ប៊ុន ភារិន អតីតនាយកវិទ្យាស្ថាន NPIC និងឯកឧត្តម យ៉ោក សុទ្ធី អតីតនាយកវិទ្យាស្ថាន NTTI ដែលបានដឹកនាំកន្លងមកធ្វើឱ្យវិទ្យាស្ថានទាំងពីរ ទទួលបានសមិទ្ធផល និងស្នាដៃជាច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំនិងផ្តាំផ្ញើដល់នាយកថ្មីនៃវិទ្យាស្ថានទាំងពីរឱ្យបន្តដឹកនាំគ្រប់គ្រងវិទ្យាស្ថានឈរលើស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង មានតម្លាភាព គណនេយ្យភាព រក្សាចាស់ បង្កើនថ្មី និងដាក់ចេញនូវវិធានការកំណែទម្រង់ សំដៅធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល ជាពិសេសការពង្រឹងសមត្ថភាពគ្រូ ទំនើបកម្មទាំងឧបករណ៍ សម្ភារៈនិងកម្មវិធីសិក្សាទាំងជំនាញទន់ និងជំនាញរឹងឱ្យឆ្លើយតបបានតាមការវិវត្តរីកចម្រើននៃឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងពង្រឹងការគ្រប់គ្រង ទាំងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមក៏បានណែនាំឱ្យពង្រឹងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូជាតិ-អន្តរជាតិ លើកកម្ពស់ការហ្វឹកហ្វឺនកូនជាង ការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន ការបង្កើន និងផ្លាស់ប្តូរជំនាញ ព្រមទាំងការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសផ្សព្វផ្សាយពីវិស័យ TVET តាមរយៈការពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនធំៗ តំបន់សេដ្ឋកិច្ចពិសេស និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា ការដឹកនាំថ្មី ដោយមានការចូលរួមពីមន្ត្រី បុគ្គលិក និងលោកគ្រូ អ្នកគ្រូទាំងអស់នឹងធ្វើឱ្យវិទ្យាស្ថានទាំងពីរក្លាយជាគ្រឹះស្ថាន TVET ឈានមុខគេក្នុងតំបន់ និងជាមជ្ឈមណ្ឌលឧត្តមភាព បង្កើតសមិទ្ធផលថ្មីៗ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ឯកឧត្តមសង្កត់ធ្ងន់ថា ការតាំងចិត្ត និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថាន TVETទាំងអស់គឺជាការរួមចំណែកធ្វើឱ្យវិស័យ TVET កាន់តែដើរតួនាទីដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។
នាឱកាសនោះដែរ ឯកឧត្តម ជិន តារ៉ា និងឯកឧត្តម តាន់ កុសល ក៏បានថ្លែងអំណរគុណ និងប្តេជ្ញាចិត្តខិតខំបំពេញតួនាទី និងភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាព៕








-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨