ព័ត៌មាន
កម្ពុជា៖របាយការណ៍របស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធនឹងជនភៀសសឹកកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ គឺស្របតាមការពិតជាក់ស្ដែងនៃវត្តមានជនភៀសសឹកកម្ពុជា
ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានចេញមកការពារសេចក្តីថ្លែងការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះ ក៏ដូចជារងការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋកម្ពុជាដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ។
លោក ថូម៉ាស អ៊ែនឌ្រូ បានធ្វើដំណើរមកបំពេញការងារនៅកម្ពុជារយៈពេល១២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងដំណើរបំពេញការងារនេះ លោក អ៊ែនឌ្រូ បានធ្វើដំណើរទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យដោយផ្ទាល់លើស្ថានភាពព្រំដែន ព្រមទាំងស្ថានភាពជនភៀសសឹករបស់កម្ពុជា ដែលបាត់បង់ដីធ្លី ផ្ទះសម្បែង ដោយសារទង្វើឈ្លានពានរបស់កងទ័ពថៃ។
ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការងារនៅកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ លោក ថូម៉ាស អ៊ែនឌ្រូ បានលាតត្រដាងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរកើតចេញពីទង្វើឈ្លានពានរបស់កងទ័ពថៃ ជាពិសេសការមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងដោយសារកងទ័ពថៃបានកាន់កាប់។ លោក ថូម៉ាស អ៊ែនឌ្រូ បានលើកឡើងថា ផ្អែកលើច្បាប់អន្តរជាតិ ប្រជាពលរដ្ឋកម្ពុជា ត្រូវតែបានត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញ។
សេចក្តីថ្លែងការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ ធ្វើឱ្យរាជរដ្ឋាភិបាលក្រុងបាងកក ប្រទេសថៃ មិនរីករាយនោះឡើយ ទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃ ចេញមកប្រតិកម្មវាយបកជាបន្តបន្ទាប់។ ពួកគេបានវាយបកលើលោក ថូម៉ាស អ៊ែនឌ្រូ ដោយចាត់ទុករបាយការណ៍នេះខ្វះតុល្យភាព។
លោក ថូម៉ាស អ៊ែនឌ្រូ បានឆ្លើយតបរួចហើយលើប្រតិកម្មរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ។ លោក ថូម៉ាស អ៊ែនឌ្រូ បានបញ្ជាក់ថា លោកបានផ្ញើសំណួរ និងរបាយការណ៍ទៅខាងថៃ មុនធ្វើសេចក្តីថ្លែងការណ៍ តែភាគីថៃ មិនមានការឆ្លើយតបនោះឡើយ។
នៅចំពោះមុខការវាយប្រហាររបស់ថៃ កម្ពុជា បានចេញមកការពារសេចក្តីថ្លែងការណ៍របស់លោក ថូម៉ាស អ៊ែនឌ្រូ។ ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានកត់សម្គាល់ឃើញថា តួលេខនៃពលរដ្ឋភៀសសឹក និងពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញ ដែលរំលេចក្នុងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ដោយបង្ហាញថា ជនស៊ីវិលកម្ពុជាប្រមាណ៦៥ម៉ឺននាក់ បានភៀសសឹក នៅតាមតំបន់ព្រំដែននាចុងឆ្នាំមុន។ ហើយក្នុងនោះជាង២ម៉ឺននាក់កំពុងបន្តភៀសសឹកនៅឡើយនោះ គឺស្របគ្នានឹងតួលេខដែលចងក្រងឡើង តាមរយៈវត្តមាននៅនឹងកន្លែងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអង្គការមនុស្សធម៌នានា ដែល កំពុងធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន រួមទាំងកម្មវិធីផ្ដល់អាហារ និងជម្រក ដែលកំពុងដំណើរការបច្ចុប្បន្ន។
ក្នុងសេចក្តីថ្លែងដដែលនេះ កម្ពុជាបានបង្ហាញការកត់សម្គាល់បន្ថែមទៀតថា ទោះបីជាសេចក្ដីថ្លែងការណ៍ជាសាធារណៈនាពេលថ្មីៗនេះរបស់អាជ្ញាធរថៃ បានជំទាស់នឹងតួលេខដ៏ច្បាស់លាស់នេះក្តី ក៏សេចក្តីថ្លែងការណ៍ទាំងនោះ បានបញ្ជាក់ថា ពិតជាមានជនស៊ីវិលកម្ពុជាជាច្រើនបានភៀសសឹកមែន ហើយនៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង របស់ពួកគេវិញបានឡើយ ដោយសារតែការកាន់កាប់ដោយខុសច្បាប់របស់ថៃលើដែនដីកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍នេះ កម្ពុជា ប្រកាសស្វាគមន៍ចំពោះការបន្តផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីស្ថានភាពនេះពីសំណាក់ភ្នាក់ងារពាក់ព័ន្ធ និងស្ថានបេសកកម្មការទូតនានា ហើយត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចបន្ថែមទៀត ទៅកាន់តំបន់រងផលប៉ះពាល់ទាំងនោះ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣