ព័ត៌មាន
យុវជន ចាន់ សំរ៉ុង៖ «ខ្ញុំមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនជាអ្នកជំនាញខាងអគ្គិសនី ដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ»
ភ្នំពេញ៖ អតីតសិស្សម្នាក់ដែលបានបោះបង់ការសិក្សានៅត្រឹមថ្នាក់វិទ្យាល័យ យុវជន ចាន់ សំរ៉ុង បាននិងកំពុងខិតខំប្រឹងប្រែងស្រវ៉ាចាប់យកជំនាញខាងអគ្គិសនីពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនលទ្ធភាពក្នុងការរកចំណូលបន្ថែម។

យុវជន ចាន់ សំរ៉ុង វ័យ ១៦ឆ្នាំកំពុងសិក្សាជំនាញខាងអគ្គីសនី បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា ដោយសារតែខ្លួនរៀននៅវិទ្យាល័យមិនសូវពូកែ ហើយមិនអាចចាប់យកជំនាញផ្សេងទៀតបាន ក៏សម្រេចចិត្តបោះបង់ការសិក្សាទាំងស្ដាយស្រណោះត្រឹមថ្នាក់ ១០នៅខេត្តតាកែវ។
ក្រោយពីបោះបង់ការសិក្សា សំរ៉ុង ហាក់ដូចជារស់នៅក្នុងភាពខ្វះជាតិអ្វីម្យ៉ាង ពោលគឺខ្វះការសិក្សា និងខ្វះជំនាញប្រចាំជីវិតរបស់គេ។ ក្រោយមានការលើកទឹកចិត្តពីមិត្តភក្ដិ និងឱពុកម្ដាយ សំរ៉ុងបានសម្រេចចិត្តមកចុះឈ្មោះចូលរៀនជំនាញខាងអគ្ដិសនីនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ។
យុវជនរូបនេះបន្តថា៖«ប្រសិនបើខ្ញុំរៀនចប់បាក់ឌុប ក៏គ្រួសារខ្ញុំមិនមានលទ្ធភាពឱ្យខ្ញុំរៀនបន្តនៅមហាវិទ្យាល័យដែរ ហើយវាបូករួមទាំងប្រាជ្ញាស្មារតីរបស់ខ្ញុំមិនសូវចាប់បាននូវការសិក្សាជំនាញផ្សេងៗផង។ ខ្ញុំក៏បោះបង់ការសិក្សានៅវិទ្យាល័យតែម្ដង ប៉ុន្ដែខ្ញុំមករៀនជំនាញនៅទីនេះ គឺខ្ញុំក៏អាចមានឱកាសច្រើនក្នុងការរកប្រាក់ចំណូល ព្រោះត្រូវចំណាយសិក្សាខ្លីដែរ»។

សំរ៉ុង បានតស៊ូសិក្សារៀនសូត្រយ៉ាងខ្លាំង ដោយសារគិតក្នុងចិត្តថា នេះជាឱកាសចុងក្រោយសម្រាប់ការសិក្សារបស់ខ្លួន។ សំរ៉ុង ក៏មានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀតដែរ ប៉ុន្ដែភ្លាមៗនោះនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ។
យុវជនរូបនេះបន្តថា បើទោះបីជាខ្លួនមិនទាន់មានលទ្ធភាពបង្កើតក្រុមការងារជាងតម្លើងអគ្គិសនីជាលក្ខណៈធំដុំ ប៉ុន្ដែខ្លួនគេមានលទ្ធភាពធ្វើការងារសមរម្យ និងទទួលបានប្រាក់ចំណូលខ្ពស់ដែរ។ សំរ៉ុង នៅតែមានមហិច្ឆតាចង់សិក្សាជំនាញខាងអគ្គិសនីឱ្យបានច្រើនជាងនេះ ព្រោះខ្លួននៅវ័យក្មេងនៅឡើយ។
សំរ៉ុង នៅតែមានក្ដីសង្ឃឹមជានិច្ច និងមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សាជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើជាស្ពានចម្លងអនាគតខ្លួនផង ក្រុមគ្រួសារផង និងធ្វើជាយុវជនគំរូនៅក្នុងសង្គមជាតិ៕

-
PR NEWS7 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន4 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន4 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន4 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន4 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង