ព័ត៌មាន
ក្រសួងរៀបចំដែនដី ដកស្រង់បទពិសោធន៍ពីហុងកុងលើការកសាងលំនៅឋាន ប្រកបដោយអនាម័យ បរិស្ថានស្អាត និងកុំឲ្យមានគម្លាតសង្គម
ភ្នំពេញ៖ អ្នកជំនាញមកពីហុងកុង បានធ្វើបទបង្ហាញ ក្នុងការផ្ដល់នូវបទពិសោធន៍បន្ថែម ទៅថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីការកសាងនូវលំនៅឋាន ដែលប្រកបដោយអនាម័យ មានបរិស្ថានស្អាតល្អ និងកុំឲ្យមានគម្លាតសង្គម ។

ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពីបទពិសោធន៍ការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា កម្ពុជាចាប់ពីពេលនេះទៅមុខ នឹងមានបុរីជនបទ មានន័យថាគ្រប់ទីប្រជុំជនទាំងអស់ នឹងមានទឹក អគ្គិសនី ផ្លូវ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ គ្រប់បែបយ៉ាងដោយប្រជាជនរស់នៅជនបទ ក៏មានជីវិតរស់នៅដូចអ្នកនៅទីក្រុង ហើយក៏នឹងកសាងសង្គមឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត មានទ្រនំសុភមង្គល សម្រាប់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបន្តថា ការរៀបចំផ្ទះសម្បែង គឺអាស្រ័យលើគំនិតច្នៃប្រឌិត របស់យើងផ្ទាល់ ហើយការដកស្រង់បទពិសោធន៍ពីហុងកុង ក្នុងការរៀបចំទីក្រុង និងលំនៅឋាននាពេលនេះ គឺជាការចង្អុលបង្ហាញដ៏ត្រឹមត្រូវមួយ ដើម្បីអាចយកបទពិសោធន៍ទាំងនោះ មកច្នៃប្រឌិតបន្ថែមទៀត សំដៅឱ្យការរៀបចំទីក្រុង និងលំនៅឋានក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង និងក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ ប្រកបដោយអនាម័យ និងបរិស្ថានស្អាត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនេះ ដើម្បីរក្សាស្ថិរភាពក្នុងទីក្រុងឱ្យបានល្អនោះ ត្រូវធ្វើយ៉ាងណា កុំឱ្យមានការបែងចែកគំលាតក្នុងការរស់នៅ រវាងអ្នកមាន និងអ្នកមានជីវភាពមធ្យម ឬអ្នកក្រីក្រ ដោយធ្វើយ៉ាងណា ឱ្យទាំងអស់គ្នា អាចរស់នៅជាមួយគ្នាបាន ដែលនេះគឺជាចំណុចយុទ្ធសាស្ត្រ ក្នុងការកសាងទីក្រុង សំដៅរក្សាស្ថិរភាព និងកុំឱ្យមានការបែកបាក់ក្នុងសង្គម។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះ មានសារៈសំខាន់ និង ជាការកសាងសមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ន និងគួរតែរៀបចំឱ្យបានទៀងទាត់ ហើយបើកចំហ ដើម្បីប្រមូលធាតុចូល និងការឯកភាពគ្នា ថាតើយើងទាំងអស់គ្នាចង់រៀបចំប្រទេសកម្ពុជាដោយរបៀបណា។

ជាមួយនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រ លើកទឹកចិត្តទាំងស្មារតី ទាំងថវិកា និងនយោបាយជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការរៀបចំសិក្ខាសាលានេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីផ្ដល់វេទិកាបើកចំហដល់អ្នកដែលមានបំណងចង់ចូលរួម ក្នុងនោះមាននិស្សិត និងអ្នកដែលប្រកបអាជីពខាងវិស័យនេះ ក្នុងការក្រេបយកចំណេះដឹង និងជជែកវែកញែកសំដៅសម្រេចបាននូវការឯកភាពគ្នា ។
គួរបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យសិក្ខាកាមបានយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរួមគ្នាកសាងអនាគតរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង៕ អត្ថបទ បាន សុខរិទ្ធិ

-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ