ព័ត៌មាន
CSX សហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីលើកកម្ពស់ការយល់ដឹងវិស័យផ្សារហ៊ុន
ផ្សារមូលបត្រកម្ពុជា (CSX) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំកម្មវិធី “វេទិកាក្រុមហ៊ុនចុះបញ្ជី” ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិស័យផ្សារហ៊ុននៅកម្ពុជា ក៏ដូចជា បង្ហាញនូវវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ដើម្បីឱ្យវិនិយោគិន បានស្វែងយល់ពីកាលានុវត្តភាពរបស់ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា នៅក្នុងពិធីបើកវេទិកា នាព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា វេទិកាក្រុមហ៊ុនចុះបញ្ជី ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនុកចិត្ត និងសមត្ថភាពវិភាគទៅកាន់វិនិយោគិន និងវិនិយោគសក្តានុពលវិស័យផ្សារហ៊ុន មុននឹងសម្រេចចិត្តវិនិយោគប្រកបដោយទំនុកចិត្ត។ ឯកឧត្តម បានបន្តថា ការរៀបចំកម្មវិធីបែបនេះ នឹងធ្វើឲ្យវិនិយោគិនអាចសម្រេចចិត្តបានកាន់តែល្អប្រសើរក្នុងការវិនិយោគ ពិសេសពាក់ព័ន្ធនឹងវិនិយោគរយៈពេលវែង។

ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រមួយអាចដំណើរការទៅបានល្អ តម្រូវឲ្យមានទាំងក្រុមហ៊ុនចុះបញ្ជីល្អៗ និងវិនិយោគប្រកបដោយចំណេះដឹង និងព័ត៌មាន។ ជាក់ស្តែង ដូចក្នុងពេលនេះ ផ្សារមូលបត្រកម្ពុជាកំពុងតែបន្ថែមចំណេះដឹង និងព័ត៌មានល្អៗជូនវិនិយោគិនដើម្បីឲ្យវិនិយោគិនកាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងចុះបញ្ជីភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា មានរយៈពេល ៤ឆ្នាំហើយ ដែលមានការចូលរួមពីវិនិយោគិនសរុបចំនួនជាង ២,០០០នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួនជាង ៤,៣លានភាគហ៊ុន នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។ លោកបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និងការរក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និងអត្ថប្រយោជន៍ផ្សេងៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព ដូចជា ការជូនដំណឹងអំពី ផែនការយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគលាភ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ធនាគារ។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួនជាង ១ម៉ឺន ៨ពាន់នាក់ ស្មើនឹង ជាង៣៥% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា មានចំនួន ៧៦លានភាគហ៊ុន នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ចំនួន ៤០០លានភាគហ៊ុន។ ដោយឡែក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,២២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៧៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,៧៥% ធៀបនឹងផលិតផលក្នុងស្រុកសរុប៕ អត្ថបទ ឈិត បូរ៉ាវី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN