ព័ត៌មាន
កម្មករនិយោជិតនៅខេត្តតាកែវ បន្តចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាលយ៉ាងគគ្រឹកគគ្រេង ដើម្បីអភិវឌ្ឍព្រំដែន
កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍតំបន់ព្រំដែន។
កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវសរុបចំនួន ២៩៤ មានកម្មករនិយោជិតសរុបចំនួន ៨៥,៣៧០នាក់ (ស្រី ៦០,៨៣៩នាក់) បានលើកឡើងថា ការបរិច្ចាគថវិកាចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
សកម្មភាពនេះ គឺជាការចូលរួមក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះមានតែការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។
អ្នកស្រី ស្រុង ស្រីឡាត់ កម្មការិនីរោងចក្រជីងម៉ៅហ្គូជី (ខេមបូឌា)ហ្គាម៉ិននៅខេត្តតាកែវបាននិយាយថា ក្នុងនាមជាពលរដ្ឋខ្មែរ អ្នកស្រីបានគាំទ្រ និងស្ម័គ្រចិត្តចូលរួមថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
អ្នកស្រីបន្ថែមថា៖«ខ្ញុំសូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ហើយខ្ញុំបានចូលរួមបរិច្ចាគថវិកាខ្លះ ដើម្បីជាចំណែកតូចមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើទោះបីជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់រាជរដ្ឋាភិបាល និងប្រទេសជាតិរបស់យើង»។
អ្នកស្រី សុទ្ធ សោភ័ណ្ឌ កម្មការិនីរោងចក្រ មេកូហ្វើនីឈ័រ ឯ.ក ខេត្តតាកែវបាននិយាយថា៖«ខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ»។
គួររំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ជាមួយគ្នានោះ សម្តេចធិបតីក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN