Connect with us

ព័ត៌មាន

កម្ពុជា ប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ»

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ» នៅមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។

​សុខភាពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់នៃសុខុមាលភាពទូទៅ ហើយក៏មានសារៈសំខាន់ដូចសុខភាពផ្លូវកាយដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់សម្រាប់ធានាគុណភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែងតែមានអន្តរកម្មទៅវិញទៅមក។

ក្នុងឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង ស្ថាប័នទាំងអស់ និងអង្គការទាំងអស់ ចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ នៅតាមអង្គភាពក្រោមឱវាទរបស់ខ្លួន ដោយបានជូនអនុសាសន៍ដូចខាងក្រោម៖ -លើកកម្ពស់ភាពជាអ្នកដឹកនាំស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដល់ថ្នាក់ដឹកនាំរបស់អង្គភាពនីមួយៗ ដោយធ្វើការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងភាពតានឹងផ្លូវចិត្ត (Stress management) នៅកន្លែងធ្វើការសម្រាប់អ្នកដឹកនាំ មន្រ្តីរាជការ និងនិយោជិត។ -ត្រូវបង្កើតឧបករណ៍សម្រាប់វាយតម្លៃសុខភាពផ្លូវចិត្ត (Mental health screening tool) ដើម្បីឱ្យមន្រ្តីរាជការ និយោជិត និងប្រជាជនទូទៅ អាចប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពសុខភាព ផ្លូវចិត្តរបស់ខ្លួន (Self-assessment) ឱ្យបានទូលំទូលាយ។ -រៀបចំឱ្យមានគោលការណ៍អនុវត្តស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្តនៅកន្លែងធ្វើការ (Practical Guidelines for Stress Management in Workplace) ដើម្បីប្រើប្រាស់រួមគ្នា ដោយសហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ។ -បណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counseling skills) ដល់អ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselor) និងរៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselling service) ដល់មន្រ្តីរាជការ នៅតាមអង្គភាពនីមួយៗ។ -សហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត ដល់ស្ថាប័នរដ្ឋាភិបាល ផ្សេងទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក អង្គការ UNICEF និងដៃគូទាំងអស់ ដែលតែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់ការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីវេជ្ជបណ្ឌិត Marianna Trias នាយកអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក Amos Zikusooka តំណាងអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត លោក លោកស្រី ជាតំណាង ស.ស.យ.ក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្រុមកាយឫទ្ធិនារីកម្ពុជា ក្រុមគ្រូពេទ្យឯកទេសវិកលវិទ្យា និងអ្នកជំនាញសុខភាពផ្លូវចិត្ត ភ្ញៀវជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុប មានចំនួន ៥៤០នាក់៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia