ព័ត៌មាន
ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម វ៉ាង វីនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកួតជំនាញកម្រិតពិភពលោកនេះដែលមិនត្រឹមតែផ្ដល់វេទិកាជូនសិស្ស-និស្សិត ដើម្បីបង្ហាញពីសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកមួយដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពការអប់រំបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជំរុញការសិក្សាស្រាវជ្រាវ, ការច្នៃប្រឌិត, ឱកាសពង្រឹងចំណេះដឹង និងជំនាញ, និងការអនុវត្តជាក់ស្ដែងផងដែរ។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ការប្រកួតប្រជែងនេះ នឹងទាក់ទាញយុវជនឱ្យស្រលាញ់នូវជំនាញបច្ចេកទេស និងការច្នៃប្រឌិតផ្សេងៗ ដោយនឹងអាចជួយបង្កើនស្ដុកធនធានជំនាញវ័យក្មេង, ជំរុញការរួមបញ្ចូលគ្នានៃឧស្សាហកម្ម និងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាបង្កើតឱ្យមានវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការជំនាញ ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌។
ឯកឧត្ដមបានសំដែងនូវការសាទរ និងវាយតម្លៃខ្ពស់ចំពោះ ការប្រកួតប្រជែងដ៏សំខាន់ទាំង ៣ ដែលរួមមាន ១.ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ២.បច្ចេកវិទ្យាព័ត៌មានជំនាញថ្មី និង៣.ការផលិតឧបករណ៍វៃឆ្លាត គឺសុទ្ធតែជំនាញមានតម្រូវការខ្ពស់ និងមានភាពចាំបាច់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ដែលជួយជំរុញដល់ការអភិវឌ្ឍេសេដ្ឋកិច្ចជាតិ។
សូមរំលឹកថា កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបានបង្ហាញសមត្ថភាពក្នុងការបង្កើតថ្មី, បង្ហាញពីមិត្តភាពរឹងមាំជាសកលក្នុងកិច្ចសហប្រតិបត្តិការ និងអនាគតឈ្នះ-ឈ្នះរួមគ្នា, បង្ហាញឱ្យឃើញនូវការខិតខំជំរុញ និងបង្កើនសមត្ថភាពនិស្សិតឱ្យក្លាយជាយុវជនឆ្នើម, ដឹកនាំឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរជាលក្ខណៈអន្តរជាតិ។
សម្រាប់កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ មានបេក្ខជនចូលរួមសរុបចំនួន ៦០ក្រុម ក្នុងនោះប្រទេសកម្ពុជាចំនួន ៤០ក្រុមដែលរួមមានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រទេសឥណ្ឌូនេស៊ីចំនួន ១០ក្រុម, ប្រទេសហ្វីលីពីនចំនួន ៣ក្រុម, ប្រទេសម៉ាឡេស៊ីចំនួន ៣ក្រុម និងប្រទេសថៃចំនួន ៤ក្រុម៕












-
ព័ត៌មាន2 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន4 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន5 days agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន4 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង