Connect with us

ព័ត៌មាន

កម្ពុជាស្នើ GMS ពង្រីកសកម្មភាពផ្សព្វផ្សាយទីផ្សារទេសចរណ៍ «ប្រទេសប្រាំមួយ គោលដៅតែមួយ»

អំឡុងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (GMS) លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនានាទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់​ថ្ងៃ​ទី២៩ ខែវិច្ឆិកានេះ កម្ពុជាបានស្នើប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ GMS ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ទីផ្សារ​ទេសចរណ៍រួមគ្នា “ប្រទេសចំនួនប្រាំមួយ គោលដៅតែមួយ” ដើម្បីបង្កើនសកម្ម​ភាព​លំហូរ​ទេសចរណ៍ឲ្យមានភាពរស់រវើក។

ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារទេសចរណ៍ GMS លើកទី៥៨ នៅខេត្តព្រះសីហនុ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា “ប្រទេសចំនួនប្រាំមួយ រួមមាន៖ កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងប្រទេសចិន ជាគោលដៅតែមួយ” គឺធ្វើឡើង តាមរយៈការអនុវត្តផែនការទំនាក់ទំនងស្តារទេសចរណ៍ GMS និងការអនុវត្តសកម្មភាពផ្សព្វផ្សាយរួមគ្នា គាំទ្រដល់ការស្តារទេសចរណ៍ប្រកបដោយសុវត្ថិភាព និងចីរភាពនៅក្នុងអនុតំបន់មេគង្គ។

ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍ គឺជាមធ្យោបាយមួយដ៏ល្អបំផុត សម្រាប់កសាងទំនាក់ទំនង មិត្តភាព កិច្ចសហការដ៏ល្អបំផុត រវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធគ្នា និងការកសាងបាននូវសន្តិភាពនៅក្នុងតំបន់កាន់តែរឹងម៉ាំ។ រាល់ដំណើរទស្សនកិច្ច រាល់កញ្ចប់ទេសចរណ៍ រាល់ការតភ្ជាប់ផ្លូវអាកាស និងភាពជាដៃគូអាជីវកម្មគ្រប់បែបយ៉ាង អាចក្លាយជាស្ពានតភ្ជាប់ដ៏ល្អប្រសើររវាងប្រទេសជាសមាជិក GMS ហើយតាមរយៈកិច្ចប្រជុំនេះ នឹងក្លាយជាជំហានជាក់ស្តែងមួយឆ្ពោះទៅរកការជំរុញកំណើនលំហូរទេសចរណ៍ និងការវិនិយោគទុនកាន់តែល្អប្រសើរនៅក្នុងតំបន់GMS។

លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ GMS លើកទី ៥៨ គឺក្រុមឧត្តមមន្ត្រីបង្គោលមកពីបណ្តាប្រទេសជាសមាជិកGMS បានផ្តោតពិភ្សាជាសំខាន់ លើផែនការសកម្មភាពទីផ្សារទេសចរណ៍GMS និងតាមដានវឌ្ឍនៈភាព ប្រទេស៦ជាគោលដៅទេសចរណ៍តែមួយ។ កិច្ចប្រជុំផ្តោតការពិភាក្សាលើការអភិវឌ្ឍទេសចរណ៍រួមគ្នា រួមមាន៖ ការជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ម្ហូបអាហារ គោលដៅទេសចរណ៍ទេសភាពធម្មជាតិ ទេសចរណ៍វប្បធម៌ និងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរ និងទេសចរ ជាដើម។ កិច្ចប្រជុំនេះ ​ក៏បានឯកភាពគ្នាបង្កើតក្រុមការងារពិសេសមួយ ដើម្បីជំរុញការជួយគ្នានៅក្នុងវិស័យទេសចរណ៍ តាមរយៈការផ្លាស់ប្តូរវេនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឲ្យបាន៤ដងក្នុង១ឆ្នាំ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ GMS លើកទី ៥៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅខេត្តព្រះសីហនុ ដែលមានក្រុមឧត្តមមន្ត្រីទេសចរណ៍មកពីតាមបណ្តាប្រទេសចំនួន៦ជាសមាជិកGMSនោះ គឺបានពិភាក្សានិងអនុម័តរួមគ្នាជាផ្លូវការប្រើប្រាស់ សៀវភៅទីផ្សារទេសចរណ៍តំបន់GMS ដែលសៀវភៅនេះ គឺជាផែនទីដ៏សំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងតំបន់GMS៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia