ព័ត៌មាន
ខេត្តសៀមរាបបើកយុទ្ធនាការចុះផ្សព្វផ្សាយ និងការអនុវត្តយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”
កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញបើកយុទ្ធនាការ ចុះផ្សព្វផ្សាយ និងការអនុវត្តយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព ជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប យុវជនកាយរឹទ្ធខេត្ត និងយុវជនកាកបាទក្រហមកម្ពុជា។
លោក សុខ ថុល អភិបាលរងខេត្ត បានបង្ហាញថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ។លោក មានប្រសាសន៍បន្តថា បច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ទន្ទឹមនឹងត្រូវប្រឈមមុខចំពោះការបញ្ចេញព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារសន្តិភាព និងស្ថេរភាពពិភពលោក។ ស្របពេលជាមួយគ្នានេះ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធឌីជីថលថ្មី បានបង្កឱ្យមានអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់នយោបាយ និងសង្គម។ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីបង្កើតព័ត៌មានដែលមានចរិតបំភាន់ និងបំពុលសង្គម ព្រមទាំងងាយបោកប្រាស់ប្រជាពលរដ្ឋ។
លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាប បានបង្ហាញថា ការចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំនាពេលនេះ គឺដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មានជូនសាធារណជន។ យុទ្ធនាការនៅខេត្ត”សៀមរាបនេះ គឺជាគោលដៅទី៦ នៃការអនុវត្តយុទ្ធនាការទូទាំងប្រទេស ក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!” ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងព័ត៌មាន។
លោក យឿន ចាន់ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានដាក់ចុះនូវយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ “៣ ប” គឺ “បញ្ជ្រាប បន្សាប និងបង្ក្រាប”។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត គឺជានិន្នាការសកលដែលតម្រូវឱ្យមានការបង្កើតយន្តការដោះស្រាយ និងការចូលរួមពីគ្រប់ភាគី រួមទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោកអនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានសរុបចំនួន ៣ ៦៥១ ករណី ដែលជាចំនួនកើនឡើងប្រមាណ ១៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣ ២០៨ ករណី។ សម្រាប់គោលដៅចុងក្រោយនៃយុទ្ធនាការនេះ គឺកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរមា សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព៕














-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា