Connect with us

ព័ត៌មាន

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» គ្រោងរៀបចំប្រមាណជាង ៣០០ស្តង់ នៅ​ពាក់​កណ្តាល​ខែធ្នូ

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីបន្ត​ជំរុញ​ការតភ្ជាប់​ឧត្តម​ភាព​ផលិតផល​ជាតិ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស ​ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ភាពជាដៃគូ ទីផ្សារ​ក្នុង​ស្រុក និងទីផ្សារសកល»។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីកន្លងទៅ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅឆ្នាំនេះ នឹងកាន់តែមានភាពទាក់ទាញ ហើយ​នៅ​មាន​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើនទៀត ដែលក្រសួងនឹងផ្ដល់នូវភាពភ្ញាក់ផ្អើល ខណៈរាជរដ្ឋាភិបាល​មាន​យន្តការ​បង្កើនគុណតម្លៃផលិតផលខ្មែរផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់​ទៅ​ទីផ្សារ​អន្តរជាតិ​។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩នេះ គ្រោងរៀបចំស្តង់ពិព័រណ៍ចំនួនជាង ៣០០ស្តង់ ដោយ​មានរៀបចំការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញ នាំចូលទំនិញដែលមានគុណភាពខ្ពស់ និង​សេវា​កម្ម​ដែល​មានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបណ្តា ប្រទេសនានា។ ជា​ពិសេស ក៏មាន​រៀបចំ​ជា​បញ្ជរ​សេវា​សាធារ​ណៈ​នានារបស់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់​ព័ន្ធ​នឹងកា​រ​ធ្វើ​ធុរកិច្ច​ផងដែរ។

ក្រៅពីការតាំងពិព័រណ៍ ព្រឹត្តិការណ៍នេះ ក៏នឹងមានរៀបចំកម្មវិធីអមមួយចំនួន មានដូចជា៖ វេទិកា​ធុរកិច្ច វេទិកាចែករំលែកចំណេះដឹងនិងបទពិសោធន៍ធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលា​ស្តីពី​ការ​ជំរុញការនាំចេញរបស់កម្ពុជា សិក្ខាសាលាកសាង​សមត្ថភាព​ធុរជ​ន​លើ​វិស័យ​ពាណិជ្ជ​កម្ម​ឌីជីថល​ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍ ការសម្តែងសិល្បៈ និង​ការប្រគំតន្ត្រីជាដើម។ បន្ថែមពីនេះ ក៏មានរៀបចំនូវពន្លាសេវាសាធារណៈរបស់រដ្ឋ ដែល​មាន​ការ​ចូលរួមពីក្រសួង-ស្ថាប័ន និងធនាគារពាក់ព័ន្ធចំនួន១១ (ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិ ធនាគារ SMEs ជាដើម) ដើម្បី​ផ្តល់​ព័ត៌មាន និងសេវាសាធារណៈបែបឌីជីថលដោយផ្ទាល់នៅនឹងកន្លែង។

សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ ក្រោម​ឈ្មោះ​ដើមថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» មុន​នឹង​ប្តូរ​ឈ្មោះ​មក​ជា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» នៅឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៥ ពិព័រណ៍​លើកទី១៨ ទទួលបានការចូលរួមពីក្រុមហ៊ុន សហគ្រាស និងស្ថាប័នសរុប ១៦៣ ស្មើ​នឹង​២៦៩ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia