ព័ត៌មាន
ក្រសួងបរិស្ថាន ពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់វិធានការលើករណី ការកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» នៅក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំងដើម្បីចាត់វិធានការច្បាប់មួយចំនួនទៀត ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលំហែ (បណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ) ចំនួន១ កន្លែង និងបន្ទប់ទឹកចំនួន ១ កន្លែង ស្មើនិង៤បន្ទប់ (បណ្តោយ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែកចំនួន ចំនួន៤ផ្ទាំង (២ម៉ែត្រ៤០×១ម៉ែត្រ៦០)។

ក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់ នាពេលកន្លងមក។

ក្នុងន័យនេះ ក្រសួងបរិស្ថានបានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការច្បាប់ ស្របយតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលក្នុងនោះ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង ចំពោះជនប្រព្រឹត្តបទល្មើស។ ជាមួយគ្នានេះ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៨៥៥ បានចែងស្តីពីការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង» បានចែងពីការដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» ការបោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មីក្នុងដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នទទួលបន្ទុកបរិស្ថាននិងធនធានធម្មជាតិ។ តំបន់ទាំងនោះមានលក្ខណៈសំខាន់ទាំងផ្នែករូបសាស្រ្ត និងជីវសាស្រ្តដែលតម្រូវឱ្យមានការគ្រប់គ្រងតាមច្បាប់ក្នុងបំណងការពារ និងថែទាំ ជីវៈចម្រុះ ធនធានធម្មជាតិ និងធនធានវប្បធម៌ ហើយត្រូវបានគ្រប់គ្រង ប្រកបដោយនិរន្តរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គមនិងសេដ្ឋកិច្ច៕



-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ