Connect with us

ព័ត៌មាន

កម្ពុជា ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីន ដើម្បី​ពង្រីក​ការ​តភ្ជាប់អន្តរជាតិ

កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស (ASA) ជាមួយ​ព្រះរាជា​ណា​ចក្រអារ៉ាប៊ីសាអូឌីត និងអនុស្សរណៈនៃ​ការ​យោគយល់​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ដឹ​ក​ជញ្ជូន​តាម​ផ្លូវអាកាសជាមួយសាធារណរដ្ឋអាហ្សង់ទីន។ ការចុះហត្ថលេខានេះ ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាស និងធ្វើ​ពិពិធ​កម្ម​ទីផ្សារ​អាកាសចរណ៍​អន្តរជាតិ ដែលរំពឹងថានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ ជំរុញធុរកិច្ច វិនិយោគ និង​ការ​ដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។

ការចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស និង MoUនេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល​បន្ទុក​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤៣ របស់​អង្គការ​អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងសន្និសីទពិភពលោកលើកទី៧ ស្តីពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស (ATConf/7) ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ ICAO ទីក្រុង​ម៉ុង​រ៉េអាល់​ ប្រទេសកាណាដា ចាប់ពីថ្ងៃ ទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា កិច្ច​ព្រម​ព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស នឹងផ្តល់ក្រប​ខ័ណ្ឌ​គតិយុត្ត​សម្រាប់​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​រវាងប្រទេសទាំងពីរ ហើយផ្តល់ភាពបត់បែន​ដល់​ក្រុម​ហ៊ុន​អាកាសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ ក្នុងការរៀបចំប្រតិបត្តិការហោះហើរ ស្របតាមច្បាប់ជាតិ និងតម្រូវការទីផ្សារ ក៏​ដូច​ជា​ការតភ្ជាប់កម្ពុជាដោយផ្ទាល់ទៅកាន់តំបន់មជ្ឈិមបូព៌ា។

ឯកឧត្តមបានបន្ថែមថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និង​អារ៉ាប៊ីសាអូឌីត។ វាបើកឱកាសថ្មីសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ព្រម​ទាំង​សម្រួល​ដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរឥស្លាម ទៅបំពេញធម្មយាត្រាហាជ្ជ និងអ៊ុមរ៉ោះ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «បេសកកម្មនៅទីក្រុងម៉ុងរ៉េអាល់ គឺជាជំ​ហាន​ទៅ​មុខ​ប្រកប​ដោយ​ផ្លែ​ផ្កា​សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា។ តាមរយៈកិច្ចស​ហការ​ជាមួយ​ដៃគូ​នៅ​តំបន់​មជ្ឈិម​បូព៌ា និងអាមេរិកឡាទីន កម្ពុជាបន្ត​កសាង​បណ្តាញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ដែល​បើក​ចំហ ​ចម្រុះ និងមានការតភ្ជាប់ល្អ ដើម្បី បម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ»។

ជាមួយ​គ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស រវាងកម្ពុជា និងអាហ្សង់ទីន កាល​ពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ MoUនេះ​នឹង​ចាប់​ផ្តើម​កិច្ច​សហប្រតិបត្តិការ​ជាផ្លូវការ​ក្នុង​វិស័យ​អាកាស​ចរណ៍​ស៊ីវិលរវាងប្រទេសទាំងពីរ និងប្តេជ្ញាឱ្យអាជ្ញាធរ​អាកាសចរណ៍​ទាំង​ពីរ​សិក្សា​ពី​លទ្ធភាព​អភិវឌ្ឍសេវាហោះហើរ និងតម្រូវការទីផ្សារ ព្រមទាំង បើកច្រកសម្រាប់​កម្ពុជា​ទៅ​កាន់​តំបន់​អាមេរិកឡាទីន។

ឯកឧត្តមបានបញ្ជាក់ថា៖ «MoU ជាមួយអាហ្សង់ទីន ចាក់គ្រឹះសម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយតំ​បន់អាមេរិកឡាទីន។ ភាគីទាំងពីរមានឆន្ទៈរួមក្នុងការបើកទូលាយវិស័យនេះ និង​ពង្រឹង​ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ» ។

សូមបញ្ជាក់ថា ការចុះហត្ថលេខាទាំងពីរនេះ គឺនាំឱ្យកម្ពុជាមានកិច្ចព្រមព្រៀង ASA និង MoU ទ្វេ​ភា​គីសរុបដល់ ៥០ ជាមួយដៃគូ អាកាសចរណ៍នៅទូទាំងពិភពលោក។ រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល នឹងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងក្រុមហ៊ុន អាកាសចរណ៍ ដើម្បី​បំប្លែង​កិច្ច​ព្រមព្រៀងទាំងនេះឱ្យទៅជាផលប្រយោជន៍ជាក់ស្តែង សម្រាប់ អ្នកដំណើរ និងធុរកិច្ច ដោយ​រក្សាបាននូវស្តង់ដារសុវត្ថិភាព និងសន្តិសុខខ្ពស់បំផុត៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia