ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និង ការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៦ រោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថាន នឹងធ្វើការសហការជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការច្បាប់ ប្រសិនបើក្រុមហ៊ុនណាល្មើសគុណភាពខ្យល់ ឬធ្វើឱ្យខ្យល់របស់យើងមិនស្អាត។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា អង្គការសហប្រជាជាតិ បានរកឃើញមូលហេតុចម្បងៗ នៃវិស័យចំនួន ៦ រួមមាន វិស័យថាមពល វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងមានការកើនឡើងកម្តៅផែនដី។ ឯកឧត្តម បានថ្លែងបន្ថែមថា កម្ពុជាបានចូលរួមឆ្លើយតបបញ្ហាការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលមានសសរស្តម្ភ ចំនួន៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានគ្របដណ្តប់លើវិស័យចំនួន ៥ ខាងលើដែលបង្កឱ្យមាន ឧស្ម័នផ្ទះកញ្ចក់ លើកលែងតែវិស័យព្រៃឈើ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានប្តេជ្ញាដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុលើវិស័យទាំងអស់នេះ ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងរៀបចំ កោះស្រឡៅ នៅក្នុងខេត្តតកោះកុង ជាកោះអាព្យាក្រឹតកាបូន។ ក្រសួងបរិស្ថាន នឹងផ្តល់ជូនប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់អំពូលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងរៀបចំដាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ការរៀបចំហេដ្ឋារចនាសម្ព័នគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ ដាំស្តារព្រៃកោងកាងជាពិសេស។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំពាវនាវឱ្យមានការចូលរួមក្នុងយុទ្ធនាការ របស់ក្រសួងបរិស្ថាន ដែលបានអនុវត្តកន្លងមក និងរួមគ្នា “យកជំហានឆ្លាតវៃ រួបរួមគ្នា” (take smart, united steps) ឆ្ពោះទៅរកខ្យល់ស្អាត និងការគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយចីរភាព។
«ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គមកម្ពុជា អាចធ្វើឱ្យផ្ទៃមេឃពណ៌ខៀវ និង ប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ វាក្លាយជាការពិត មិនមែនត្រឹមតែជាចក្ខុវិស័យ។» មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៣១៦ បានចែងស្តីពីការទទួលខុសត្រូវរបស់ម្ចាស់និងប្រតិបត្តិករ ចំពោះការបញ្ចេញសាធាតុនៃការបំពុលខ្យល់៕












-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា