ព័ត៌មាន
ឆ្នាំ២០២៥ រាជធានីភ្នំពេញទទួលការវិនិយោគលើវិស័យសំណង់ក្នុងទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៥នេះ រាជធានីភ្នំពេញ បានទទួលការស្នើសុំអនុញ្ញាតសាងសង់ចំនួន ៦៥៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង៤លានម៉ែត្រការ៉េ គិតជាទុនវិនិយោគមានប្រមាណជាង ១ពាន់ ៩៣៨លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៤ គឺមានការរីកចម្រើនប្រហាក់ប្រហែលគ្នា ។
ក្នុងពិធីបូកសរុបលទ្ធផលអនុវត្តការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥នេះ ក្នុងរាជធានីភ្នំពេញ មានអគារខ្ពស់ចំនួន៨៣អគារ ក្នុងនោះអគារចាប់ពី ៥ជាន់ដល់៩ជាន់ មាន៥៩អគារ, អគារចាប់ពី ១០ទៅ១៩ជាន់ ចំនួន១៣អគារ, ចាប់ពី២០ទៅ២៩ជាន់ មាន៥អគារ, ចាប់ពី៣០ទៅ៣៩ជាន់ មាន១អគារ, ចាប់ពី៤០ជាន់ឡើងទៅ មានចំនួន ៥អគារ ហើយមានបុរី និងបណ្ដុំផ្ទះល្វែងមានចំនួន ២៨ទីតាំង ។
លោកបានបន្តថា ក្នុងឆ្នាំ២០២៥នេះ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធវិញ គឺប្រមូលទិន្នន័យក្បាលដីបាន ៤៦៩,៨៥១ក្បាលដី, ចែកប័ណ្ណបានចំនួន ៣២២,៣០០ប័ណ្ណ និងបានចុះវាស់វែងផ្ដល់កម្មសិទ្ធិដីប្រទានកម្មរបស់រដ្ឋជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចំនួន ៤៤ទីតាំង មានក្បាលដីសរុបចំនួន ១៥,៤៧៣ក្បាលដី ។
លោកប្រធានមន្ទីរ បានបន្ថែមថា ចំពោះការងារផ្ដល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងវិស័យសុរិយោដី និងសំណង់ ក្នុងរយៈពេលមួយឆ្នាំដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគិតចាប់ពីខែតុលា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន មន្ទីរបានផ្ដល់សេវាចំនួនជាង ៦ម៉ឺនឯកសារ ទទួលបានចំណូលជាង ហុកសិបប្រាំប៊ីលានរៀល ។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា វិស័យសំណង់កំពុងមានសន្ទុះរីកចម្រើន ប៉ុន្តែក៏កើតមាននូវបទល្មើសមួយចំនួន ដែលជាការសាងសង់ ការជួសជុល ការរុះរើដោយគ្មានលិខិតអនុញ្ញាត ឬការសាងសង់ ការជួសជុល ការរុះរើខុសពីលិខិតអនុញ្ញាតជាដើម ។ ដោយប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ កន្លងមកក្រសួង និងរដ្ឋបាលរាជធានី បានចេញប្រកាស សេចក្តីណែនាំ និងលិខិតណែនាំជាច្រើន ។
ឯកឧត្តមបានគូសបញ្ជាក់ថា ដូចនេះមន្ទីរសុរិយោដីរាជធានី ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ចាត់វិធានការតឹងរឹង ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ និងការសាងសង់គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន ។ មួយវិញទៀតសូមជួយពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ ៕
អត្ថបទ បាន សុខរិទ្ធិ












-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន